ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានបង្ហោះអោយដឹងថា, នារសៀលថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) មានរៀបចំកិច្ចប្រជុំលើកទី១របស់ក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ក្រោមអធិបតីភាពរបស់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក.។ គោលបំណងនៃកិច្ចប្រជុំគឺ៖ (១) ការពិភាក្សា និងប្រមូលធាតុចូលពាក់ព័ន្ធនឹងតួនាទី ភារកិច្ច និងការរៀបចំការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាផ្តល់យោបល់ (២) ការកំណត់វិធានការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ និង (៣) ការរៀបចំអនុវត្តវិធានការអភិវឌ្ឍកម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្ម។ កិច្ចប្រជុំមានការចូលរួមពី លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិនិយោគិនដែលមានសកម្មភាពក្នុងវិស័យទាំងពីរនេះ អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សមាគមធុរកិច្ចជាតិនិងអន្តរជាតិ និងលេខាធិការដ្ឋានដឹកនាំនិងសម្របសម្រួលការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) នៃ ក.អ.ក. សរុបចំនួនប្រមាណ ៧០រូប៕
ដោយ ៖ សិលា