ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកម៉ូតូពីរគ្រឿងបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនិង៣នាក់ទៀតរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឱ្យអាណោចអាធ័ម និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នាបណ្តាលឱ្យដួល ហើយត្រូវរថយន្តធុនធំបុកនិងកិនអូសជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃពុធទី៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចច្រកចូលទីលានចាក់សំរាមចាស់ស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

     ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពុំ សារឹម ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងស្ត្រីម្នាក់ទៀតរងរបួសស្រាលជាអ្នកឌុប ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1L-6998 ។ ចំណែកឯភាគីម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឃ្លីក  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HM-2915 ជិះដោយបុរសពីរនាក់បានរងរបួសធ្ងន់ ហើយដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដា ឃ្លីកមួយគ្រឿងជិះដោយបុរស២នាក់ឌុបគ្នាតាមបណ្ដោយផ្លូវលេខ២១៧ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានកៀរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ជិះដោយស្ត្រី២នាក់តាមបណ្ដោយផ្លូវលេខ២១៧ពីត្បូងទៅជើងបណ្ដាលឱ្យដួលទាំងសងខាង ស្របពេលនោះក៏មានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3805 បើកបរដោយបុរសម្នាក់មកពីក្រោយ រួចកិនស្ត្រីម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងកិនម៉ូតូម៉ាកឃ្លីកអូសជាច្រើនម៉ែត្រដែលធ្វើឱ្យបុរសពីរនាក់រងរបួសធ្ងន់ថែមទៀត ។

      ក្រោយពីបង្កហេតុរួច តៃកុងរថយន្តបង្កហេតុបានបើករថយន្តបន្តទៅដល់មុខការាសសាំងតេលាប្រមាណ១០០ម៉ែត្រទើបឈប់ទុករថយន្តចោល ហើយអ្នកបើកបរបានបើកទ្វារចុះរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖