ព័ត៌មានទាន់ហេតុការណ៍៖

លោក ងួន រតនៈ ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ខិតខំបន្តចុះជួបប្រជាពលរដ្ឋ ដើម្បីកំណត់អត្តសញ្ញាណដី ជុំវិញបឹងទន្លេសាប ធ្វើការកែសម្រួលទិន្ន័យ ដើម្បីស្នើសុំកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលបានរស់នៅ និងអាស្រ័យរយៈពេលយូរឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ ខិតខំបន្តចុះជួបប្រជាពលរដ្ឋ ដើម្បីកំណត់អត្តសញ្ញាណដី ជុំវិញបឹងទន្លេសាប ដោយភ្ជាប់ជាមួយផែនទីគោលនៅក្នុងឆ្នាំនីមួយៗ ដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលនាពេលកន្លងមក ឲ្យស្របទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការកែសម្រួលទិន្ន័យឲ្យបានច្បាស់លាស់ ក្នុងការរៀបចំសំណើស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាត់ឆ្វៀលដីជុំវិញបឹងទន្លេសាបនេះ ជូនប្រជាពលរដ្ឋឲ្យទទួលបាននូវសិទ្ធិបន្ថែមក្នុងការកាន់កាប់ ការអាស្រ័យផល ប្រកបដោយមានទំនុកចិត្ត និងមានការទទួលខុសត្រូវខ្ពស់។

       ការលើកឡើងនេះ ត្រូវបានលោក អភិបាលខេត្តកំពង់ធំ លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការកាត់ឆ្វៀលដីតំបន់ជុំវិញបឹងទន្លេសាប នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។លោកក៏បានបញ្ជាក់បន្ថែមទៀតថា សូមឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ព្រមទាំងអាស្រ័យផលដីតំបន់៣ ដីតំបន់២ ដើម្បីរៀបចំឆ្វៀលដីជូនគាត់អោយបានទាន់ពេលវេលា។

      សូមបញ្ជាក់ផងដែរថា ចំពោះដីនៅក្នុងតំបន់៣ និងតំបន់២ ដែលជាប់មាត់បឹង ស្ទឹង ផ្លូវ ត្រូវកំណត់ព្រំឲ្យបានច្បាស់លាស់ ចំពោះដីដែលមានព្រៃ គឺមិនអនុញ្ញាតិឲ្យឈូសឆាយពង្រីកបន្ថែមទៀតនោះទេ ៕

ដោយ៖សហការីកំពង់ធំ


ចែករំលែក៖