ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានបង្ហោះសារលើ ផេកផ្លូវការ គឺសូមអបអរសាទរ កីឡាការិនីអត្តពលកម្មជនពិការកម្ពុជា ងួន រតនា ទទួលបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ ប្រភេទ T46 នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏សូមជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា, ទោះពេលនេះ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងមមាញឹក ជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ ក៏ដោយ ក៏សម្ដេចព្យាយាមលើកទឹកចិត្តដល់កីឡាករកីឡាការិនីរបស់កម្ពុជា ចំពោះការនាំមកនូវជោគជ័យជូនប្រទេសជាតិ ៕
ដោយ ៖ សិលា