ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០២២នេះថា៖ មុខសញ្ញាគ្រឿងញៀនចំនួន ៣នាក់ ត្រូវបាននគរបាលក្រុងបាត់ដំបង បង្ក្រាប និងឃាត់ខ្លួនជនរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២និង៤០នាទីរសៀល បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្ថិតត្រង់ចំណុចក្រុមទី០៦ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ពោ សុផាន់ណា ហៅ ណេ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ ២-ឈ្មោះ វន កុសល់ ហៅ សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ឡោ សិលា ហៅ អ៊ុក ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០៧គ្រាប់
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-សម្ភារច្រករំលែកថ្នាំញៀនលក់ និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដា អ៊ឹមអេសអិច MSX ពណ៌ខ្មៅ លាយខៀវ គ្មានស្លាកលេខ (ចាស់) ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ វន កុសល់ ហៅ សឿន មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៧៨ ត.ព្រ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង នៅព្រឹកថ្ងៃពុធទី០៣ ខែសីហានេះ ត្រូវបាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖អារុណរះ