ខេត្តបាត់ដំបង ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កាលពីវេលាម៉ោង ៥ និង៥០នាទីព្រលប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ….តព្រ ចុះថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២១ របស់លោក គឹម ហេង ចៅក្រមស៊ីបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាន់ ស៊ូថាវ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រឹត្តិនៅចំណុចក្រុមទី១០ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។
ក្រោយឃាត់ខ្លួន កម្លាំងនគរបាលស្រុក នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ បានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី