ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តជ្រុលទៅបុករះរថយន្ត២គ្រឿងពីក្រោយ រុញទៅបុកឡំប្រឺតានឹងម៉ូតូចតលើចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តជ្រុលទៅបុករះពីក្រោយរថយន្ត២គ្រឿង រុញផ្ទប់ទៅបុកឡំប្រឺតាមួយគ្រឿង និងម៉ូតូ ដែលចតចោលនៅលើដងផ្លូវ ទល់មុខហាងផឹកស៊ីមួយកន្លែងបណ្តាលឲ្យរងការខូចខាត សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៣ ចំណុចនៅមុខភោជនីយដា្ឋនកែវព្រិលភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តតូយ៉ូតាព្រូស២គ្រឿង មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប2B 5484 និងមួយគ្រឿងទៀតពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2BO-3554 រួមទាំងម៉ូតូឌ្រីមសង់ និងឡំប្រឺតាមួយគ្រឿងទៀត បានយកមកចតចោលនៅលើដងផ្លូវលេខ១០០៣ មុខហាងផឹកស៊ីមួយកន្លែងយីហាឈ្មោះ កែវព្រិលភ្នំពេញថ្មី រួចម្ចាស់នាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាង លុះមកដល់ម៉ោងកើតហេតុស្រាប់តែ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AY-9334 បើកបរតាមបណ្តោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុសង្ស័យថាងោកមួយភាំង ក៏ជ្រុលចង្កូតទៅបុករះពីក្រោយរថយន្ត២គ្រឿង ឡំប្រឺតាមួយគ្រឿង និងម៉ូតូឌ្រីមសង់មួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ សំណាងល្អមិមានអ្នករងរបួស រងការខូចខាតតែរថយន្ត ម៉ូតូនិងឡំប្រឺតាតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុដោយភាគីរថយន្តបង្កព្រមសងថ្លៃខូចខាតទៅលើរថយន្តដែលខូចខាត រួមទាំងឡំប្រឺតានិងម៉ូតូបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖