ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររៀបចំ និងតាមដានកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (ហៅកាត់ DGICM)។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា ជាប្រធានក្រុមការងារ បានធ្វើសេចក្តីរាយការណ៍អំពី វឌ្ឍនភាពការងារត្រៀមរៀបចំឯកសារ និងខ្លឹមសារតាមរបៀបវារៈនៃកិច្ចប្រជុំ DGICM លើកទី២៥ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣-២៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ ដោយប្រទេសសឹង្ហបុរីនឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំខាងលើនេះ ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានផ្តល់មតិដឹកនាំចំពោះក្រុមការងារក្នុងការត្រៀមរៀបចំសិក្សាឲ្យបានលម្អិតចំពោះខ្លឹមសារនៃរបៀបវារ:នៃកិច្ចប្រជុំ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានបញ្ជាក់បន្ថែមដែរថា ក្រុមការងារក៏ត្រូវគិតគូរដោយល្អិតល្អន់ អំពីទិសដៅការងារបន្ត ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានអនុវត្តស្របទៅតាមលទ្ធផល នៃកិច្ចប្រជុំ DGICM លើកទី២៤ បានសម្រេចនាឆ្នាំកន្លងទៅ៕
ដោយ៖សហការី