ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរំលាយចោលកិច្ចសន្យាគ្រប់បុរីទាំងអស់ ដែលផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងអ៉ិនធឺណិត ចាប់ពីថ្ងៃស្អែកតទៅ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យរំលាយចោលកិច្ចសន្យាគ្រប់បុរីទាំងអស់ ដែលផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងអ៉ិនធឺណិត ចាប់ពីថ្ងៃស្អែកតទៅ ។ សម្ដេចបញ្ជាបែបនេះ គឺបញ្ជាតាមរយៈលោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ 

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា, ឥឡូវយើងចូលមកដល់បុរី ខ្ញុំបានបង្កើត៨ ក្រុមការងារបុរីជាង ១០០បុរីនៅភ្នំពេញ គឺរីកចម្រើនខ្លាំងណាស់ ! ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺប្រជាពលរដ្ឋមានលទ្ធភាពទិញ បុរីតម្លៃពី ៣ម៉ឺនឡើងទៅ 50 ម៉ឺន ឬមួយលានដុល្លារ ជាង 100 បុរីនៅក្នុងជុំវិញទីក្រុងភ្នំពេញ ។ លោករដ្ឋមន្ត្រីបានថ្លែងបន្តថា, យើងបានចែកចេញជា 8 ក្រុម ។ ឥឡូវក្រុមនេះកំពុងតែធ្វើការ ប្រហែលជា 60 បុរី អានៅកន្លែងផ្សេងទៀតយើងធ្វើនៅដំណាក់កាលទី 2 សុទ្ធតែបុរី។ លោកបន្តថា, យើងបានដឹងជំងឺទាំងអស់ ធម្មតាដុកទ័រ ចង់ព្យាបាលអ្នកជំងឺទាល់តែ ដឹងអ្នកជំងឺនឹងឈឺអី បើមិនអញ្ចឹងទេយើងដាក់ថ្នាំម៉េចនឹងត្រូវ ! លោករដ្ឋមន្ត្រីបានបន្តថា, ខ្ញុំក៏យកបុរីប៉េងហួត ធ្វើជាគំរូមួយ ដើម្បីរយកទៅកន្លែងផ្សេងៗទៀត អញ្ចឹងឆ្លៀតឱកាសនេះ មុនខ្ញុំមកទីនេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាខ្ញុំថា . រាល់កន្លែងទាំងអស់ដែលមាន សិទ្ធិផ្ដាច់មុខ អ៊ីនធឺណិត ក្នុងបុរី ត្រូវលុបចោលទាំងអស់ គឺលុបចោល អត់មានឱ្យទៀតទេ អញ្ចឹង ! សូមឱ្យប្រតិបត្តិករ ទាំងអស់យល់ដឹងអំពីបញ្ហាហ្នឹង សូមឱ្យនិយ័តករទាំងអស់អនុវត្តតាមអនុសាសន៍របស់សម្ដេច អត់មានឲ្យផ្ដាច់មុខទៀតទេ អោយត្រូវចូលប៉ុន្មានក៏ចូលទៅ ២.៣.៤.៥.៦ ឱ្យត្រូវចូលប៉ុន្មានក៏ចូលទៅ ៣.៤.៥.៦. ! ១០ឡើងទៅ ! ប៉ុន្តែចូលទៅតាមលទ្ធភាព។ 

សូមបញ្ជាក់ថា, ការថ្លែងបែបនេះ របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖