ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក សឺហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២២។

    លោក Sergey Lavrov បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ លោករដ្ឋមន្ត្រី​ការបរទេសរុស្ស៉ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីស្ថានភាពនិងជំហររបស់រុស្ស៊ីជុំវិញករណីជម្លោះអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើការពង្រឹងពង្រីកមិត្តភាពដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍ វិនិយោគនិងវិស័យដទៃទៀត តាមរយៈការជំរុញការរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ។

     ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Sergey Lavrov ដែលបានសម្ដែងនូវការអបអរសាទរជូនចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក និងរបាយការណ៍ពីជំហររបស់រុស្ស៊ីជុំវិញជម្លោះនៅអ៊ុយក្រែន។

     សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណផងដែរចំពោះវ៉ាក់សាំង ដែលលោក Lavrov បាននាំមកជាមួយ ជូនដល់កម្ពុជា ។

     សម្ដេចតេជោក៏បានឯកភាពជាមួយ លោក Lavrov ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសជំរុញកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ សម្ដេចមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងកម្ពុជានឹងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៊ី ។

     ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ដែលបានគាំទ្រនិងផ្តល់ជំនួយជាច្រើនដ៏មានតម្លៃជូនប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកនាពេលកន្លងមក។ សម្ដេចតេជោបានបន្ថែមថា យើងមិនអាចបំភ្លេចបានឡើយនូវកាយវិការប្រកបដោយមិត្តភាព និងសមានចិត្តក្នុងពេលដែលយើងត្រូវការចាំបាច់ ឧទាហរណ៍ដូចជា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបណ្ដុះបណ្ដាលនិស្សិតជាច្រើននាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖