ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែសីហា ឆ្នាំ២០២២នេះថា៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផែ្នកជំនាញនគរបាលយុត្តិធម៌ ធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្មៀន ជ្រឹម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវជុំវិញពាក្យបណ្តឹងរបស់ឈ្មោះ រស់ សូយទី ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិកោះរាមឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបង ពីករណីប្រទូស្តកេរ្តិ៍ភេទមានស្ថានទម្ងន់ទោស លើជនរងគ្រោះជាកូនស្រីរបស់គាត់ ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនបែបនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់ឱពុកជនរងគ្រោះប្តឹងចោទប្រកាន់ចំពោះជនសង្ស័យ ថាបានប្រព្រឹត្តិបទប្រទូស្តកេរ្តិ៍ភេទមានស្ថានទម្ងន់ទោសទៅលើកូនស្រីរបស់គាត់ជាអនីតិជន កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ដែលករណីនេះគាត់ស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនសង្ស័យខាងលើ ។
ផ្តើមពីពាក្យបណ្តឹងបែបនេះ និងស្របតាមបទបញ្ជារបស់ថ្នាក់ដឹកនាំស្នងការទើបសមត្ថកិច្ចនគរបាលស្រុក ធ្វើការនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរស្រាវជ្រាវតែម្តងហើយនៅពេលធ្វើការសាកសួរស្រាវជ្រាវរួចសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុរឿងបញ្ជូនជនសង្ស័យខាងលើមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តទោសទៅតាមនីតិវិធី ច្បាប់។
ទិដ្ឋភាពខាងលើនេះ បានបញ្ជាក់ឱ្យឃើញថា គ្រប់ករណីដែលសមត្ថកិច្ចនគរបាលទទួលបាន គឺត្រូវបានចាត់វិធានការស្រាវជ្រាវ ស៊ើបអង្កេត ដោយពុំមានការបោះបង់ ឬមិនបានយកចិត្តទុកដាក់ឬមិនបានចាត់វិធានការនោះឡើយ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបនិងសូមកុំឱ្យមានការភាន់ច្រឡំចំពោះករណីខាងលើនេះ ជាមួយគ្នានេះ សមត្ថកិច្ចនគរបាល សូមអរគុណចំពោះការផ្តល់ព័ត៌ពីគ្រប់មជ្ឈដ្ឋានមកដល់សមត្ថកិច្ចនគរបាលនិងសូបន្តការសហការល្អដោយភាតរភាព ៕
ដោយ៖អារុណរះ