ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹងអំពីគ្រោះទឹកជំនន់ និងការបាក់ដី នៅផ្នែកកណ្ដាលភាគខាងជើងនៃប្រទេសជប៉ុន ជាពិសេសខេត្ត Niigata និង Yamagata

ចែករំលែក៖

ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារជាតិឧតុនិយម ជប៉ុនបានចេញសេចក្តីព្រមានអំពីគ្រោះទឹកជំនន់ និងការបាក់ដី នៅផ្នែកកណ្តាលភាគខាងជើងនៃប្រទេស ជប៉ុន ជាពិសេសខេត្ត Nigata និង Yamagata ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី០៣ និងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះ ហើយត្រូវបានព្យាករណ៍ថាអាចបន្តរហូតថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ ។ ខេត្តដែលរងផលប៉ៈពាល់កំរិតបន្ទាប់ មានដូចជាខេត្ត Fukushima, Ishikawa, Toyama, Fukui និង Gifu ។

គិតត្រឹមព្រឹកថ្ងៃទី ០៤ ខែសីហា នេះ មានមនុស្ស ០២ នាក់បានបាត់ខ្លួន និងផ្ទះជាច្រើនខ្នង ត្រូវបានខូចខាតពីការបាក់ដី និងលិចលង់ដោយទឹកជំនន់ ជាពិសេសនៅខេត្ត Niigata និង Yamagata ។ ជំនន់ទឹកភ្លៀងនេះ ក៏បានធ្វើឱ្យស្ពានផ្លូវដែកឆ្លងទន្លេរ នៅទីក្រុងនៃភាគខាងជើងខេត្ត Fukushima បានបាក់ ដែលធ្វើឱ្យសេវារថភ្លើងក្នុងតំបន់ត្រូវបានផ្អាក ។ អាជ្ញាធរបានចេញបញ្ជាឱ្យប្រជាពលរដ្ឋដែល នៅតំបន់រងគ្រោះតាមដានសភាពការណ៍ និងជម្លៀសទៅកាន់កន្លែងសុវត្ថិភាពតាមដែលអាចធ្វើបាន ។

សូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងក្នុងករណី បងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូត ជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤។ សូមជូនពរបងប្អូនទាំងអស់គា្នជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិ និងចៀសផុតពី ជំងឺឆ្លងនានា ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖