ភ្នំពេញ ៖ មជ្ឈមណ្ឌលអូស្រ្ដាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) បានប្រារព្ធពិធីបើកដំណើរការជាផ្លូវការនៅសាខាចាក់អង្រែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី Penny Wang រដ្ឋមន្រ្ដីការបរទេសអូស្រ្ដាលី លោក Kang Pablo ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ម៉ៅ ស្រេង នាយកមជ្ឈមណ្ឌលអូស្រ្ដាលីសម្រាប់ការបណ្ដុះបណ្ដាល និងសមាសភាពថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រូបង្រៀន និងបុគ្គលិកមជ្ឈមណ្ឌលអូស្រ្ដាលីសម្រាប់ការបណ្ដុះបណ្ដាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលអូស្រ្ដាលីសម្រាប់ការបណ្ដុះបណ្ដាលសាខាចាក់អង្រែ។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសអូស្រ្ដាលី ដែលបានចូលរួមចំណែកក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាគ្រប់វិស័យ ដូចជាវិស័យកសិកម្ម អប់រំ បរិស្ថាន ជាពិសេសវ៉ាក់សាំងកូវីដ-១៩។ មជ្ឈមណ្ឌលអូស្រ្ដាលីសម្រាប់ការបណ្ដុះបណ្ដាល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់សិស្សានុសិស្ស បុគ្គលិកអប់រំ និងធនធានមនុស្សនានាក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលនេះបានចូលរួមលើកកម្ពស់ការសិក្សាពីចម្ងាយ និងការអប់រំបែបឌីជីថល ដល់សិស្សានុសិស្ស ក៏ដូចជាគ្រូបង្រៀន ក្នុងអំឡុងនៃរីករាលដាលជំងឺកូវីដ-១៩។ ប្រទេសអូស្រ្ដាលីក៏បានផ្ដល់នូវអាហារូបករណ៍ដល់និស្សិតខ្មែរជាច្រើនរូបដើម្បីបន្ដការសិក្សានៅប្រទេសអូស្រ្ដាលី។
សូមជម្រាបថា មជ្ឈមណ្ឌលអូស្រ្ដាលីសម្រាប់ការបណ្ដុះបណ្ដាលសាខាចាក់អង្រែ គឺជាសាខាទី៤ នៅរាជធានីភ្នំពេញដែលមានចំនួនសិស្ស ប្រហែលពីរពាន់អ្នកបានចុះឈ្មោះចូលរៀន។ ក្នុងពិធីបើកជាផ្លូវការនេះបានរំលេចនូវខួបទី៣០ឆ្នាំ ដែលមជ្ឈមណ្ឌលអូស្រ្ដាលីសម្រាប់ការបណ្ដុះបណ្ដាល មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ក៏ដូចជាខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្ដាលី៕
ដោយ ៖ សិលា