ព័ត៌មានទាន់ហេតុការណ៍៖

តៃវ៉ាន់បាញ់ភ្ញីភ្លើងបណ្តេញយន្តហោះគ្មានមនុស្សបើករបស់ចិន

ចែករំលែក៖

កម្លាំងការពារដែនសមុទ្រកោះតៃវ៉ាន់ នៅថ្ងៃទី៤ខែសីហាបានឱ្យដឹងថា ខ្លួនបានបាញ់ភ្ញីភ្លើងដើម្បីបណ្តេញយន្តហោះគ្មានមនុស្សបើករបស់ចិន នៅក្នុងតំបន់សមុទ្រប្រជុំកោះ Kinmen។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី៣ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធារបស់ខ្លួនបានបាញ់ភ្ញីភ្លើងដើម្បីបណ្ដេញយន្តហោះដ្រូនជាច្រើនគ្រឿងរបស់ចិនដែលហោះកាត់ពីលើកោះ Kinmen កាលពីយប់ថ្ងៃពុធសប្តាហ៍នេះឱ្យចេញឆ្ងាយពីកោះមួយនេះ។
កោះតៃវ៉ាន់បាននិងកំពុងបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ ខណៈដែលចិនកំពុងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតព័ទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ប៉េឡូស៉ី។ លោកឧត្តមសេនីយ៍ ចាង ស៊ុនស៊ុង (Chang Zone-sung) មេបញ្ជាការដ្ឋានការពារជាតិ នៃតំបន់ Kinmen បានប្រាប់ Reutersឱ្យដឹងថា យន្តហោះដ្រូនរបស់ចិនជាច្រើនគ្រឿងបានហោះចូលទៅក្នុងកោះ Kinmen ចំនួនពីរដងកាលពីយប់ថ្ងៃពុធ វេលាម៉ោងប្រហែល៩យប់ និងម៉ោង១០យប់។
លោក ចាង បានបញ្ជាក់ថា «យើងបានបាញ់ភ្ញីភ្លើងព្រមានភ្លាមៗ ដើម្បីឱ្យយន្ដហោះដ្រូនទាំងនេះចេញឆ្ងាយ។ បន្ទាប់មកយន្ដហោះទាំងនេះបានត្រឡប់ហោះចូលមក ម្ដងទៀតក្នុងតំបន់ហាមឃាត់របស់យើង ហើយនេះជាមួលហេតុដែលយើងត្រូវធ្វើសកម្មភាពបណ្ដេញយន្ដហោះទាំងនេះ»។
កោះគីនមិន គឺស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសចិន ក្បែរទីក្រុង សៀមិន (Xiamen)។ បើតាមមេបញ្ជាការប្រចាំតំបន់នេះ តៃវ៉ាន់មាននីតិវិធីប្រតិបត្តិការស្តង់ដារ ហើយនឹងឆ្លើយតបរាល់សកម្មភាពណាមួយដែលកើតឡើង ប៉ុន្តែស្ថានភាពបច្ចុប្បន្នក្នុងតំបន់នេះ នៅតែមានកម្រិតប្រកាសអាសន្នធម្មតា៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Nikkei Asia./AFP)


ចែករំលែក៖