ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L. P. Marsudi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហ្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L. P. Marsudi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។

សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ចំពោះលោកស្រីរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។ 

សម្តេចមានប្រសាសន៍ថាសម្ដេចបានទទួលព័ត៌មានអំពីគណៈប្រតិភូឥណ្ឌូនេសុីដឹកនាំដោយលោកស្រីរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា។ សម្ដេចក៏បានបង្ហាញការចូលរួមគាំទ្រលទ្ធផលនៃកិច្ចប្រជុំនោះ។ 

សម្ដេចក្រឡាហោមក៏បានជម្រាបជូនលោកស្រីផងដែរអំពីការគាំទ្រការបន្តពង្រឹង ពង្រីកប្របត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សជាដើម។  

សម្ដេចក៏បានអរគុណភាគីឥណ្ឌូនេស៊ី ដែលកន្លងមកបានផ្ញើជូនក្រសួងមហាផ្ទៃនូវសេចក្ដីព្រាងអនុសារណៈយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើការងារកិច្ចសហប្រតិបត្តិការក្នុងវិស័យអនុវត្តច្បាប់។

សម្ដេចក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការពិនិត្យទៅលើMOUនេះ ដោយសម្ដេចត្រៀមរួចជាស្រេចក្នុងការចាត់មន្ត្រីជំនាញដើម្បីជជែកពិភាក្សាសារទៅលើខ្លឹមសារជាក់ស្តែង និងធានាទៅដល់យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយឥណ្ឌូនេសុី។

ជាការឆ្លើយតប លោកស្រីរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោម ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសទៅលើការជួយគាំទ្រ និងគាំពារពលរដ្ឋឥណ្ឌូនេស៊ីដែលជួបបញ្ហាផ្សេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបានក៏សម្ដែងនូវសេចក្ដីរីករាយដែលទទួលបាននូវព័ត៌មានអំពីបច្ចុប្បន្នភាពនៃដំណើរការធ្វើសេចក្ដីព្រាងMOU និងថាឥណ្ឌូនេស៊ីត្រៀមខ្លួនជានិច្ចក្នុងការបន្តធ្វើការជាមួយក្រុមការងារជំនាញរបស់កម្ពុជាដើម្បីឈានទៅបញ្ចប់នុងចុះហត្ថលេខារវាងភាគីទាំងពីរ។

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី ក៏បានយកឱកាសនេះថ្លែងអំណរគុណសម្តេចក្រឡាហោម ដែលតែងបានយកចិត្តទុកដាក់ជួយតាមសំណូមពររបស់ភាគីឥណ្ឌូនេសុី ពិសេសការជួយប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ហើយបានជួបប្រទះបញ្ហាពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកជំទាវដែរថាសម្ដេចផ្ទាល់ពិតជាគាំទ្រចំពោះការបង្កើតឲ្យមាននូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្លូវការតាមរយៈMOUនេះនិងសង្ឃឹមជឿជាក់ថាភាគីទាំងពីរនឹងអាចពិនិត្យលទ្ធភាពបន្ថែមនូវអ្វីដែលជាការងារចាំបាច់ និងសំខាន់សំខាន់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការងារកសាង និងបណ្តុះបណ្តាល សមត្ថភាពមន្ត្រីអនុវត្តច្បាប់ ព្រមទាំងការងារជួយគាំពារទៅវិញទៅមកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖