ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកទីប្រឹក្សារដ្ឋ វ៉ាង យី ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្លាស់ ប្តូរទស្សនៈ និង ការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រៀបចំដោយកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកទីប្រឹក្សារដ្ឋ វ៉ាង យី បានកត់សម្គាល់ដោយ សេចក្ដីពេញចិត្តយ៉ាងខ្លាំង ចំពោះទំនាក់ទំនងកំពុងកើនឡើង និងកិច្ចសហប្រតិបត្តិការប្រកបដោយ ផ្លែផ្កាក្នុងវិស័យ ផ្សេងៗរវាងកម្ពុជា និងចិន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកោតសរសើរ ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលលើកទី៦ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ហើយបាន ប្តេជ្ញាធ្វើការជាមួយគ្នាដើម្បីអនុវត្តផែនការសកម្មភាពសម្រាប់ការ រួមគ្នាកសាងសហគមន៍វាសនារួម។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសចិនដែលតែងតែគាំទ្រកម្ពុជាក្នុងមាគ៌អភិវឌ្ឍន៍របស់ខ្លួន និងការផ្ដល់នូវជំនួយយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ លោកបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ក្នុងការរៀបចំព្រឹត្តិការណ៍ជាបន្ត បន្ទាប់ដើម្បីរំលឹកខួបលើកទី១០០ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម អតីតព្រះមហាវីរក្សត ព្រះវររាជបិតា ព្រះនរោត្ដម សីហនុ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីការសកម្មភាពនានាដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំក្រោយ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកទីប្រឹក្សារដ្ឋ វ៉ាង យី បានពិភាក្សាអំពីការវិវត្ត នាពេលថ្មីៗនេះនៅច្រកសមុទ្រតៃវ៉ាន់ ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បាន សម្តែងនូវការព្រួយបារម្ភ និងបានគូសបញ្ជាក់អំពីជំហរឥតងាករេ និងរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា

ក្នុងការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ និងចាត់ទុកបញ្ហានានាពាក់ព័ន្ធទៅនឹង ហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុង និងក្រោមសិទ្ធិអធិបតេយ្យភាពរបស់សាធារណរដ្ឋ ប្រជាមានិតចិន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកទីប្រឹក្សារដ្ឋ វ៉ាង យី ក៏បានផ្លាស់ប្តូរទស្សនៈ និងការវាយតម្លៃលើវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការ ខកចិត្តរបស់កម្ពុជាចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដែលបានជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតី ភាពវិញ។ លោកទីប្រឹក្សារដ្ឋ វ៉ាង យី បានថ្លែងអំណរគុណយ៉ាងខ្លាំង និងបានគូសបញ្ជាក់អំពី ការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី លើការស្វែងរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកទីប្រឹក្សារដ្ឋ វ៉ាង យី ក៏បានផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងទៀត ដែលជាកង្វល់រួមផងដែរ។ រដ្ឋមន្ត្រីការ បរទេសទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម នានា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖