ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី ២នាក់លង់ទឹកស្លាប់ពេលទៅឃ្វាលគោ ហើយនាំគ្នាងូតទឹកប្រឡាយលេង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កុមារីចំនួន២នាក់ក្នុងចំណោម៣នាក់បានលង់ទឹកប្រឡាយស្លាប់ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣  រសៀលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ នៅចំណុចប្រឡាយទឹក ក្រោមចំណុចអណ្ដូងថ្មីស្ថិតនៅក្នុងភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមាន១ឈ្មោះ ហន គាថាភាគ អាយុ ១២ ឆ្នាំ ភេទស្រី រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ និង២ ឈ្មោះ ហាន សុភ័ក្រ អាយុ ១៣ ឆ្នាំភេទស្រី រស់នៅភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ចំណែកក្មេងស្រីម្នាក់ទៀត ដែលរួចផុតជីវិតដោយការ សង្គ្រោះទាន់ពេលវេលាមានឈ្មោះ ឡុច នីកា អាយុ ១៣ឆ្នាំមានទីលំនៅភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស។

ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុក្មេងស្រីទាំង៣នាក់រួមនិងក្មេងៗដទៃទៀត បានទៅឃ្វាលគោនៅចំណុចកើតហេតុខាងលើ ហើយក៏បាននាំគ្នាចុះលេងទឹក ប្រឡាយ ទើបបណ្ដាលឲ្យលង់ទាំង៣នាក់ ។ប៉ុន្តែក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល ។

សមត្ថកិច្ចទៅពិនិត្យកន្លែងកើតហេតុនិងបានធ្វើកោសល្យវិច័យ បានសន្និដ្ឋានថាពិតជាស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖