ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ, ក្រសួងយុត្តិធម៌ បានអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ដែលយល់ថា ឬអះអាងថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប៉ះពាល់ដល់របប ប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម ដើម្បីមកជួប ពិភាក្សាតទល់មុខគ្នាដោយផ្ទាល់ នៅចំពោះមុខមហាជន តាមរយៈការផ្សាយផ្ទាល់តាមបណ្ដាញសារព័ត៌មាន សំដៅជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានា ជុំវិញការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ។ ប៉ុន្តែ រហូតមកដល់ពេលនេះ គណបក្សនយោបាយទាំង ៤ ដែលបានដាក់ញត្តិជូនទៅរដ្ឋសភា ជំទាស់នឹងការធ្វើ វិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ និងអង្គការសង្គមស៊ីវិលចំនួន ១០៤ ដែលបានចេញសេចក្តី ថ្លែងការណ៍សម្តែងនូវកង្វល់នានា ជុំវិញការធ្វើវិសោធនកម្មនេះ ពុំបានអញ្ជើញចូលរួមតាមការអញ្ជើញរបស់ ក្រសួងយុត្តិធម៌នោះទេ។
ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ប្រសិនបើគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងនោះ ពិតជាមានបំណងដោយសុទ្ធចិត្ត ដើម្បីចង់ការពាររដ្ឋធម្មនុញ្ញ, របបប្រជាធិបតេយ្យសេរីពហុបក្ស, របបរាជា និយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម ដូចអ្វីដែលបានអះអាងពិតប្រាកដមែននោះ, គួរណាស់តែ តំណាងគណបក្សនយោបាយ ឬតំណាងអង្គការសង្គមស៊ីវិលទាំងនោះ អញ្ជើញតាមការអញ្ជើញរបស់ក្រសួង យុត្តិធម៌ ដើម្បីស្វែងយល់ឱ្យបានត្រឹមត្រូវអំពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្ម លើកទី១០ នេះ ឬដើម្បីលើកយកទឡ្ហីករណ៍មកតទល់ពន្យល់គ្នាទៅវិញទៅមកជាមួយក្រសួងយុត្តិធម៌ ដោយ មានការផ្សាយផ្ទាល់តាមបណ្ដាញសារព័ត៌មាន ដើម្បីអាចឱ្យសាធារណជន អាចយល់ច្បាស់ថា តើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ នេះ ពិតជាបានប៉ះពាល់ដល់របបប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម ដូចអ្វីដែលគណបក្សនយោបាយទាំង ៤ ឬ អង្គការសង្គមស៊ីវិល ទាំង ១០៤ បានលើកឡើងនោះដែរ ឬទេ?
ក្រសួងយុត្តិធម៌ មានការសោកស្តាយដោយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលខាងលើ មិនបានចូលរួមតាមការអញ្ជើញខាងលើនេះ ក្រោមលេសនានាដោយមិនសមហេតុផល។
ក្រសួងយុត្តិធម៌ សង្ឃឹមថា តាមរយៈការបកស្រាយបំភ្លឺជាបន្តបន្ទាប់របស់តំណាងរាជរដ្ឋាភិបាល, គណបក្សនយោបាយទាំង ៤ និងអង្គការសង្គមស៊ីវិលទាំង ១០៤ ពិតជាអាចទទួលយកនូវការពន្យល់បកស្រាយ បំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលអំពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។
ក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការធ្វើវិសោធនកម្មលើកទី១០ នេះ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្រេចអនុម័តដោយមតិភាគច្រើនលើសពីពីរភាគបីនៃចំនួន សមាជិករដ្ឋសភាទាំងមូល នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២២ ហើយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចផ្ដល់យោបល់យល់ព្រមទាំងស្រុងលើ ទម្រង់ច្បាប់ និងគតិច្បាប់ដោយឥតកែប្រែដោយមតិភាគច្រើនលើសពីពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល នាសម័យប្រជុំលើកទី៩ នីតិកាលទី៤ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ។ ជានីតិវិធីបន្ត, ច្បាប់ធម្មនុញ្ញនេះ នឹងត្រូវថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ដើម្បីទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ដែលជានីតិវិធីចុងក្រោយនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយអនុលោមទៅតាមនីតិវិធីជាធរមានន ព្រះរាជាណាចក្រកម្ពុជា។ ក្រោយនីតិវិធីទាំងនេះបានចប់សព្វគ្រប់, រដ្ឋធម្មនុញ្ញក្រោយវិសោធនកម្មនេះ នឹងក្លាយ ជាមូលដ្ឋានគ្រឹះសម្រាប់ជាតិ ដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ហើយទាំង ប្រជាជនកម្ពុជា ទាំងគណបក្សនយោបាយទាំងអស់ដែលទទួលបានការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាជនកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីភាពមិនជាប់គាំង និងកិច្ចដំណើរការដោយរលូន និងប្រកបដោយនិរន្តរភាពន ស្ថាប័នកំពូលរបស់ជាតិ ពិសេស ស្ថាប័ននីតិប្រតិបត្តិ ដែលមានបេសកកម្មដឹកនាំការងារទូទៅរបស់ជាតិ៕
ដោយ ៖ សុខ ខេមរា