ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស ៖ កម្ពុជា និង អូស្ត្រាលី ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានជួបពិភាក្សាទ្វេភាគី ក្នុង ឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខ សីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ផេន វង បានរំលឹកឡើងវិញអំពីកិច្ច សន្ទនាតាមទូរស័ព្ទ កាលពីខែមិថុនា កន្លងទៅ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេស នៅក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និង សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលបានគាំទ្រដល់ដំណើរការ សន្តិភាពនៅកម្ពុជា និងជំនួយជាបន្ទាប់ដែលមិនអាចកាត់ថ្លៃបានរបស់អូស្ត្រាលី ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេស ជំនួយវ៉ាក់សាំង Pfizer ចំនួន ២,៣៥លានដូស និងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ សម្រាប់កុមារ ចំនួន ២០០,០០០ដួស ដែលទើបបានដឹកជញ្ជូនមកដល់ជាលើកទី១ នាពេលថ្មីៗនេះ។

លោក ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីដំណើរទស្សនកិច្ចលើកទី២ របស់លោក ទៅ កាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដោយសង្កត់ធ្ងន់អំពីភាព ស្មុគស្មាញ និងបញ្ហាប្រឈមនានានៃវិបត្តិនៅមីយ៉ាន់ម៉ា និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចខិតខំរបស់លោកក្នុង ការជួយប្រទេសមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។

លោក ប្រាក់ សុខុន និងលោកស្រី ផេននី វង ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និង អន្តរជាតិដ៏ទៃទៀត ដែលជាកង្វល់រួម ផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖