រន្ទះបាញ់នៅរមណីយដ្ឋានបរិវេណនៃសេតវិមាន បណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ នៅថ្ងៃទី៤ខែសីហា ។ តើនេះជាប្រផ្នូលអាក្រក់សម្រាប់រដ្ឋាភិបាលអាមេរិក ឬ? ខណៈដែលអាមេរិកកំពុងប្រឈមមុខតានតឹងជាមួយចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលជាការបំពានច្បាប់ចិនតែមួយ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា មានមនុស្ស៤នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានបុរស២នាក់និងស្ត្រី២នាក់ ។ មន្ត្រីប៉ូលិស និងក្រុមចារកិច្ចដែលតែងតែមានវត្តមាននៅរមណីយដ្ឋានបរិវេណសេតវិមាន ក៏បានជួយដល់ជនរងគ្រោះភ្លាមៗនោះដែរ។
សូមបញ្ជាក់ថា រន្ទះបានបាញ់ចំមនុស្ស៤នាក់ក្នុងពេលដែលពួកគាត់កំពុងឈរនៅក្បែរដើមឈើនិងក្បែររបងជុំវិញសេតវិមាន និងជិតការិយាល័យរបស់ប្រធានាធិបតីបៃឌិនតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។ នៅទីក្រុងវ៉ាស៊ីនតោន មានសីតុណ្ហភាព ៣២,២អង្សាសេ ហើយមានភ្លៀងផ្គររន្ទះ កាលពីល្ងាចថ្ងៃទី ៤ខែសីហា(ពេលវេលានៅអាមេរិក)៕ ដោយ៖ ធីរីណា
រូបថត៖ Reuters/RT