ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកណ្ដាល និងលោកស្រី ព្រមទាំងសហការី​ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តពោធិ៍មាស នៅស្រុកល្វាឯម

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក គង់ សោភ័ណ្ឌ និងលោកស្រី​ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្ត្រីរាជការ ពុទ្ធបរិស័ទ នៅរសៀលថ្ងៃសុក្រ​ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តពោធិ៍មាស ស្ថិតនៅក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

ក្នុងឱកាសនេះផងដែរ លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែង ក្នុងសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ក៏មិនមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។ 

 ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនាខ្មែរ។ ក្នុងឱកាសនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធ ពរជ័យជូនលោក និងលោកស្រី​ ព្រមទាំងសហការី  មន្ត្រីរាជការដែលបានអញ្ជើញចូលរួម សូមជួបប្រកបតែនូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖