ខេត្តព្រះវិហារ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គពិធី ពិសេសអភិបាលខេត្តព្រះវិហារថ្មី យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលភាគច្រើនក៏បាននាំចូលតាមច្រកព្រំដែនខេត្តព្រះវិហារជាប់ប្រទេសឡាវ និងប្រទេសថៃ។ ការលើកឡើងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។
នាឱកាសនោះ លោក ប្រាក់ សុវណ្ណ បានធ្វើរបាយការណ៍អំពី សមិទ្ធផលនានាបានកើតឡើងក្នុងអាណត្តិ ៣ឆ្នាំ ១ខែនៃការកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហាររបស់លោក ក្នុងនោះមានដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត ការកែលម្អរសោភ័ណ្ឌភាពបរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ ការងារសង្គមកិច្ច ការដោះស្រាយទំនាស់ដីធ្លី និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាដើម។
លោក ប្រាក់ សុវណ្ណ ក៏បានយកឱកាសនេះ សម្ដែងនូវមនោសញ្ចេតនារីករាយ ចូលរួមអបអរសារទរយ៉ាងក្រៃលែង ចំពោះលោក គីម រិទ្ធី ដែលត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកអភិបាលរងខេត្តដែលក៏ប្រកាសតែងតាំង ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាឱកាសនេះផងដែរ។
លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អមដោយអភិបាលរងខេត្ត បានថ្លែងអំណរព្រះគុណ និងអរគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងជូនសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់សេចក្ដីទុកចិត្តទូលថ្វាយ និងបានត្រាស់បង្គាប់តែងតាំងឯកឧត្តម ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ លោក អមដោយអភិបាលរងខេត្តថ្មីក៏ថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែងនេះផងដែរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនាមសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តព្រះវិហារ ក្រុមការងាររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលបានសហការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម សម្រេចបាននូវសមិទ្ធផលជាច្រើន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
សម្ដេចក្រឡាហោម ក៏បានកោតសរសើរចំពោះការគ្រប់គ្រងសភាពការណ៍ក្នុងក្របខ័ណ្ឌខេត្តទាំងមូលបានយ៉ាងល្អប្រើសើរ ពិសេសការការពារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ វាយតម្លៃជាទូទៅថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។
សម្ដេចក្រឡាហោម បានមានប្រសាន៍ថា ទន្ទឹមនឹងលោក គីម រិទ្ធី ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្ត និងមានអភិបាលរងខេត្តថ្មីចូលកាន់តំណែងដែរនោះ លោក ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តព្រះវិហារ នឹងត្រូវបន្តទៅឈរឈ្មោះជាបេក្ខជនប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ជំនួសលោក ឡុង សុវណ្ណ ដែលបានសុំលាឈប់ពីប្រធានក្រុមប្រឹក្សាខេត្ត និងដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋលេខាធិការ។
សម្ដេចក្រឡាហោមក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ លោក ឡុង សុវណ្ណ និងលោក ប្រាក់ សុវណ្ណ ដែលបានខិតខំសម្របសម្រួល និងដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តព្រះវិហារ ក្នុងពេលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត និងជាអភិបាលខេត្តព្រះវិហារនារយៈពេលកន្លងទៅ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ លោក គីម រិទ្ធី ដែលមានបទពិសោធនកាន់មុខតំណែងជាអភិបាលរងខេត្តកណ្ដាល មុនពេលចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារ។
សម្ដេចសង្ឃឹមជឿជាក់ថា លោកអភិបាលខេត្តថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធដឹកនាំបន្តការអភិវឌ្ឍបន្ថែមទៀតនូវសមិទ្ធផល និងស្នាដៃនានាដែលថ្នាក់ដឹកនាំខេត្តមុនៗសម្រេចបាន ដើម្បីឱ្យខេត្តព្រះវិហារកាន់តែមានការរីកចំរើន។ សម្ដេចក្រឡាហោម ក៏បានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរង ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ក្រុង ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់វុធ និងប្រជាពលរដ្ឋ ផ្ដល់ការគាំទ្រឯកឧត្តម គីម រិទ្ធី។
ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានទាញចំណាប់អារម្មណ៍អង្គពិធី ពិសេសអភិបាលខេត្តព្រះវិហារថ្មី យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលភាគច្រើនក៏បាននាំចូលតាមច្រកព្រំដែនខេត្តព្រះវិហារជាប់ប្រទេសឡាវ និងប្រទេសថៃ។ សម្ដេចបានស្នើថា«កងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិដែលឈរជើងតាមព្រំដែន និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ដែលនៅតាមព្រំដែនត្រូវសហការគ្នា ហើយកុំឃុបឃិតជាមួយពួកជួញដូរគ្រឿងញៀនឱ្យសោះ»។
សម្ដេចក្រឡាហោម បន្ថែមថាក្រៅតែពីបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងសន្តិសុខសង្គម បញ្ហាគ្រឿងញៀននេះក៏អាចជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬលាងលុយកខ្វល់ ដែលអាចធ្វើឱ្យប្រព័ន្ធធនាគារកម្ពុជាត្រូវចាត់បញ្ចូលក្នុងបញ្ជីប្រផេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីនេះ បញ្ហាគ្រឿងញៀនក៏អាចជាប់ពាក់ព័ន្ធនឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្ម ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ប្រឆាំងផងដែរ។
សម្ដេចក៏បានផ្ដល់ការណែនាំឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់នៃខេត្តព្រះវិហារ យកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងនោះរាប់ទាំងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។ ជាមួយគ្នានេះ សម្ដេចណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងមតិយោបល់ប្រជាពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិ៕
ដោយ៖ សហការី