ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីត យុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅស្រុកសន្ទុក ខេត្តកំពង់ធំ

ចែករំលែក៖

     ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីទៅស្វែងយល់ពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបាននាំយកនូវអំណោយស្បៀងអាហារ និងថវិកាផ្តល់ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

 ជាមួយគ្នានេះដែរលោកវរសេនីយ៍ឯក ហេង ជា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមប្រចាំការគ្រប់គ្រង ដីសម្បទានសង្គមកិច្ច  បានឡើងរាយការណ៍អំពីស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក្នុងរដូវវស្សានេះជួបការ លំបាកនៅពេលភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់ៗគ្នា បណ្ដាលឲ្យលូរំដោះទឹក ដែលមានទំហំតូចមិនអាចរំដោះទឹកទាន់ ពេលវេលា ធ្វើឲ្យជំនន់ទឹកភ្លៀងជន់លិចប៉ះពាល់ដល់ផលដំណាំរបស់បងប្អូនមួយចំនួន ហើយបងប្អូនមួយចំនួនមាន ជីវភាពលំបាកខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃ។

 ថ្លែងនៅក្នុងកម្មវិធីនេះឧត្ដមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដល់សុខទុក្ខនិងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធយើង និងបានសូមជូនពរដល់បងប្អូនទាំងអស់និងក្រុមគ្រួសារ សូមបានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន មានសុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច ។ 

    ជាចុងក្រោយឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ចិញ្ចឹមសត្វ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ គួបផ្សំនឹងប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន និងត្រូវបន្តអនុវត្តន៍ នូវវិធានការ ការពារទប់ស្កាត់ការឆ្លងជំងឺកូវី -១៩ ដោយត្រូវអនុវត្តន៍នូវវិធានការ (បីកុំបីការពារ) របស់ សម្តេចតេជោហ៊ុនសែនឲ្យបានខ្ជាប់ខ្ជួន ។

 

     គួរបញ្ជាក់ផងដែរថាឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានប្រគល់ជូននូវអំណោយរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ចំនួន ១០គ្រួសារ ដោយក្នុងមួយ គ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម  មីចំនួនមួយកេស  ទឹកត្រី ទឹកស៊ីអ៊ីវចំនួនពីរយួរ  និងថវិកាមួយចំនួនផងដែរ   ៕

ដោយ៖សហការីកំពង់ធំ


ចែករំលែក៖