ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តី​ណែនាំ​ក្រើនរំលឹក​ ស្តីពី​វិធាន​ការការពារ​ការ​ចម្លងជំងឺ​អុតស្វា ( Monkeypox) នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ មានការកើនឡើងនៃការរកឃើញអ្នក ជំងឺអុតស្វានៅតាមបណ្តាប្រទេសនានានៅលើសាកលលោក នៅប្រទេសក្នុងតំបន់ និងនៅប្រទេសជិតខាង កម្ពុជាផងដែរ។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈសម្រាប់ការព្រួយបារម្ភអន្តរជាតិ ដែលបណ្តាប្រទេសទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្ថានភាពនៃការចម្លង ដោយពង្រឹងប្រព័ន្ធតាមដានជំងឺនៅក្នុងប្រទេសនិមួយៗ រួមជាមួយនឹងការ អនុវត្តវិធានការការពារឱ្យបានត្រឹមត្រូវ។ រហូតមកដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ករណីជំងឺអុតស្វាសរុបនៅ លើសាកលលោកមានចំនួន ២៥,០៥៤នាក់ (កើនឡើង ៦២,៨០% ធៀបជាមួយតួលេខ (១៥,៧៣៤ករណី) នៅ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២) និងស្លាប់សរុបចំនួន ១១នាក់ (កើន ១០០% ធៀបជាមួយតួលេខស្លាប់ (៥នាក់) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២) ដែលបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) ពីបណ្ត ប្រទេសចំនួន ៨៥ (កើនឡើងចំនួន ១០ប្រទេសថែមទៀត បើធៀបទៅនឹងតួលេខនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ មាន ៧៥ប្រទេស)។ សូមបង្ហាញជូនក្រាហ្វិកនៃស្ថានភាពជំងឺអុតស្វាតាមតំបន់ទាំង៦ នៅលើសាកល លោកមានដូចខាងក្រោមនេះ។

តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោកនេះផងដែរថា ការស៊ើបអង្កេតអេពីដេមីសាស្ត្រអំពី ការរាតត្បាតកំពុងបន្ត ហើយករណីជំងឺអុតស្វាដែលបានរាយការណ៍ភាគច្រើន គឺឆ្លងតាមរយៈការរួមភេទ ដែល ភាគច្រើនឃើញកើតមានលើបុគ្គលដែលរួមភេទដូចគ្នា (បុរសនិងបុរស ឬដែលមានដៃគូរួមភេទច្រើនគ្នា ជា ពិសេសជាមួយដៃគូដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសនៃតំបន់អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង ឬ ប្រទេសផ្សេងទៀតដែលមានលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ។ ទន្ទឹមនឹងនោះ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក៍មានការរាយការណ៍ពីការរកឃើញអ្នកជំងឺអុតស្វានៅព្រះរាជាណាចក្រថៃដែលជាករណីទី៤នៃ ការឆ្លងវីរុសអុតស្វាលើស្ត្រីអាយុ២២ឆ្នាំដែលធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយបុរសជាជនបរទេសនៅកន្លង កំសាន្តសប្បាយ។

ដោយមានស្ថានភាពដូចបានជម្រាបជូនខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូនផងដែរថា កំណើននៃការឆ្លងវីរុសអុតស្វា ជាពិសេសការចម្លងតាមផ្លូវភេទ និងការប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គល ដែលមានវិជ្ជមានវីរុសអុតស្វា គឺជាសញ្ញាបង្ហាញឱ្យបុគ្គលគ្រប់រូប ជាពិសេសក្រុមដែលប្រឈមហានិភ័យខ្ពស់ នៅតាមទីកន្លែងសប្បាយផ្លូវភេទនានា ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយត្រូវចូលរួមការពារ ការចម្លងវីរុសអុតស្វានេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សាយចេញជារឿយៗ។ ក្រសួង ក៏សូមធ្វើការអំពាវនាវក្រើនរំលឹកសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសកម្មចូលរួមបន្តអនុវត្តវិធានការការពារ នូវការចម្លងជំងឺអុតស្វានេះ ហើយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលមានដូចខាងក្រោមនេះ៖

១. សម្រាប់ករណីសង្ស័យ ឬករណីឈឺ ៖

– ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា៖ ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាត ដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេនិងមានឈឺក្បាល ហើម កូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែង ដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុម គ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ សម្រាប់បុគ្គលខាងលើនេះ ត្រូវធ្វើតេស្ត វិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នក តាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈ ឬវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ 

– ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬ មានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។

– ត្រូវសាកសួរដល់អ្នកនៅជុំវិញជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។ – បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ ២០០៥ (IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។

សូមអាននូវសេចក្តី​ណែនាំ​ក្រើនរំលឹក​ ស្តីពី​វិធាន​ការការពារ​ការ​ចម្លងជំងឺ​អុតស្វា ( Monkeypox) នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងសុខាភិបាល ទាំងស្រុងដូចខាងក្រោម ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖