ខេត្តមណ្ឌលគិរី ៖ មនុស្ស៦នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿង បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦អស់ចំនួនបីខ្នង នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តវេអងសណ្តោង ដឹកហ្គាសល្បឿនលឿនចំនុចផ្លូវកោង ហើយបុកតូបបណ្តាលឲ្យក្រឡាប់។
ក្នុងហេតុការណ៍នេះ គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែសីហា ២០២២ សមត្ថកិច្ចនៅមិនទាន់អាចបញ្ចប់កំណត់ហេតុនៅឡើយ ដោយសារស្ថានភាពនៃគ្រោះថ្នាក់នោះ អាចឈានដល់ហានិភ័យខ្ពស់ ព្រោះស៊ីទែនមានផ្ទុកហ្គាសពេញ ដូច្នេះត្រូវរង់ចាំរថយន្ត ស្ទួចខ្នាតធំមកពីភ្នំពេញ ដើម្បីលើករថយន្តនោះចេញ និងបន្តពិនិត្យពីផលប៉ះពាល់ និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។ ទោះជាយ៉ាងណាស្នងការនគរបាលក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរង់ចាំអន្តរាគមន៍នៅទីតាំងកើតហេតុផ្ទាល់ បើមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
បើតាមសមត្ថកិច្ចថា ករណីខាងលើនេះ អ្នកបើករថយន្តនោះមិនដឹងលោតចេញ ឬគាបជាប់នៅក្នុងរថយន្តទេ ដោយសារតែផ្ទះបាំងជិតមើលរថយន្តពុំចង់ឃើញ មេឃភ្លៀងហើយងងឹតទៀតកម្លាំង បានស្រែកហៅក៏មិនលឺដើររកក៏ពុំឃើញ។ រថយន្តម៉ាកវេអង ផ្លាកលេខ3E ភ្នំពេញ4191។
ចំណែកម្ចាស់តូបរងគ្រោះមានចំនូន៦នាក់ ម្ចាស់តូបទី១ឈ្មោះ តឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ រងបួសស្រាល ប្រពន្ធឈ្មោះសម្បត្តិ ស្រីតូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល។ ម្ចាស់តូបទី០២ឈ្មោះខាំ សុភាព ភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរ លក់ដូរ រងរបួសស្រាល និងឈ្មោះខាំ សុភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល។ ម្ចាស់តូបទី៣ ឈ្មោះហ៊ុន មូលីកា ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល រស់នៅភូមិសង្កាត់កើតហេតុខាងលើ។
បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅផ្ទះ ចំណែករថយន្តនៅនិងកន្លែងកើតហេតុដដែល ដោយសមត្ថកិច្ចកំពុងយាមនៅទីនោះចៀសវាងមានគ្រោះថ្នាក់ផ្សេងកើតឡើង៕
ដោយ៖ សូរិយា