ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​បន្ទាយមានជ័យ​​ ជំរុញដល់មន្ត្រីច្រកចេញចូលតែមួយ ,មេឃុំ,ក្រុមប្រឹក្សាឃុំ​ និងស្មៀន ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ ផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនទាន់ពេល និងមានតម្លាភាព

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាតី្រ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ-សង្កាត់ ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកទាំងពីរនៃសាលាខេត្ត លោក លោកស្រីអភិបាលរងក្រុង-ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងលោក លោកសី ស្មៀនឃុំ សង្កាត់ ធ្វើឡើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោក អ៊ុំ រាត្រី មានប្រសាសន៍ក្រើនរំលឹកដោយជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ និងលោកមេឃុំក្រុមប្រឹក្សាឃុំ ស្មៀន ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចដោយតម្រូវមានការទំនាក់ទំនងល្អ និងផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនទាន់ពេល និងមានតម្លាភាពប្រកបដោយប្រសិទ្ធិភាព។

លោកអភិបាលខេត្ត​ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ បានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយនេះឡើង គឺដើម្បជំរុញការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

លោក​ អ៊ុំ​ រាត្រី​ បានគូសបញ្ជាក់ទៀតថា តាមច្រកចេញចូលតែមួយនេះហើយ ដែលបានជំរុញឱ្យល្បឿនការងារទាំងឡាយ ដែលបានអនុវត្តន៍កន្លងមក រហូតដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាលក៏បាននឹងកំពុងជំរុញបន្តបង្កើតនូវច្រកចេញចូលតែមួយនេះនៅតាមបណ្តាស្រុកផ្សេងៗទៀត ដែលមិនទាន់មាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន។

លើសពីនេះ លោក អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានរំលឹកដល់មន្ត្រីពាក់ព័ន្ធ បម្រើក្នុងអង្គភាពច្រកចេញចូលតែមួយ នៅស្រុកដែលបានបង្កើតឡើងនេះ និងមន្ត្រីនៅគ្រប់មូលដ្ឋានឃុំទាំងអស់ គប្បីត្រូវប្រកាន់ភ្ជាប់គោលការណ៍សំខាន់ ៥យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តតម្លាភាព ក្នុងការបំពេញការងារដោយខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធិភាពផ្តល់សេវាសាធារណៈ ការផ្តល់ប្រយោជន៍នានា ក្នុងការអភិវឌ្ឍ គាំពាសង្គម ប្រកបដោយសីលធម៌ និងខិតខំដោះស្រាយបញ្ហាឆ្លើយតបរាល់សំណើ និងសំណូមពរប្រកបដោយប្រសិទ្ធិភាពខ្ពស់ជូនប្រជាពលរដ្ឋ៕

ដោយ​៖សហការី​


ចែករំលែក៖