ព័ត៌មានទាន់ហេតុការណ៍៖

អាវុធ៧០% ដែលលោកខាងលិចបានផ្តល់ជូន មិនបានទៅដល់ដៃទាហានអ៊ុយក្រែនឡើយ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មាន CBS ដែលបានផ្សាយថា មានអាវុធដល់ទៅ៧០%ដែលជាជំនួយរបស់ប្រទេសលោកខាងលិចមិនបានទៅដល់ដៃកម្លាំងទាហានអ៊ុយក្រែននោះឡើយ ។ ចំណែកភាគីអ៊ុយក្រែនវិញបានលើកឡើងថា រុស្ស៊ីបានប្រើប្រាស់សង្គ្រាមព័ត៌មានដើម្បីធ្វើឱ្យក្រុមអ្នកផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនមានការខកចិត្ត។
បណ្តាញព័ត៌មាន RT បានផ្សាយថា អាមេរិកនិងសម្ព័ន្ធមិត្តបានសន្យាផ្តល់អាវុធទៅឱ្យអ៊ុយក្រែនជាទ្រង់ទ្រាយធំ ប៉ុន្តែអាវុធដែលលោកខាងលិចផ្តល់ជំនួយនោះមិនបានទៅដល់កម្លាំងជួរមុខក្នុងសង្គ្រាមរបស់អ៊ុយក្រែននោះឡើយ ។ តាមពាក្យចចាមអារ៉ាមបាននិយាយថា ដោយសារតែអំពើពុករលួយនិងទីផ្សារងងឹតនៅអ៊ុយក្រែនទើបធ្វើឱ្យអាវុធជាច្រើនត្រូវបាត់បង់។
តាមសារព័ត៌មាន RTបានបញ្ជាក់ឱ្យដឹងថា អាមេរិកបានអនុម័ត ទឹកប្រាក់៥៤ពាន់លានដុល្លារផ្តល់ជំនួយសេដ្ឋកិច្ចនិងយោធាដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈមក។ ចំណែកអង់គ្លេសវិញក៏បានសន្យាផ្តល់ជំនួយអាវុធមានតម្លៃ៣ពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរ។ ដោយឡែកអឺរ៉ុបក៏បានសន្យាផ្តល់ជំនួយជាទឹកប្រាក់២,៥លានដុល្លារផងដែរ។
បណ្តាញព័ត៌មានCBS បានផ្សាយថា ដោយសារតែកម្លាំងជួរមុខក្នុងសមរភូមិផ្លាស់ប្តូររហូតនៅអ៊ុយក្រែន ហើយភាគច្រើនជាកម្លាំងទាហានស្ម័គ្រចិត្ត និងទាហានស៊ីឈ្នួលនោះ ទើបការដឹកជញ្ជូនទៅកាន់កម្លាំងជួរមុខជួបផលលំបាកយ៉ាងខ្លាំង។

ក្នុងពេលជាមួយគ្នានេះដែរ អ៊ុយក្រែនបានបង្កើតគណៈកម្មការតាមដានអាវុធជំនួយពីក្រៅប្រទេសនៅក្នុងប្រទេសរបស់ខ្លួន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ REUTERS​


ចែករំលែក៖