ខេត្តសៀមរាប ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបុរសរូបនេះមានខ្លួនប្រាណនិងដៃសើមហើយយកទូរស័ព្ទទៅសាកថ្មមិនប្រយ័ត្នបណ្ដាលឆ្លងចរន្តអគ្គិសនីឆក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រលប់ម៉ោងជិត៦ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចការដ្ឋានមួយកន្លែងក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
បុរសដែលស្លាប់មានឈ្មោះ ណេប ភាណិត អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
បើតាមកម្មករដែលធ្វើការជាមួយបុរសរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី៧ ខែសីហា ពួកគាត់កំពុងធ្វើការងារធម្មតា ភា្លមនោះមេឃចាប់ផ្តើមធ្លាក់ភ្លៀងក៏នាំគ្នាសម្រាកនៅក្នុងការដ្ឋាន ក៏ស្រាប់តែជនរងគ្រោះ បានយកទូរស័ព្ទរបស់គាត់ទៅសាកថ្មនៅចំណុចជាប់នឹងជញ្ជាំងរបងផ្ទះក្នុងការដ្ឋានដោយដោតសាកថ្មទុកចោលនៅទីនោះរួចគាត់ទៅធ្វើការងាររបស់គាត់វិញ។ លុះមួយសន្ទុះក្រោយមកជនរងគ្រោះបានដើរទៅយកទូរស័ព្ទរបស់គាត់ទាំងខ្លួនគាត់សើម និងពុំមានពាក់ស្បែកជើងក៏ស្រាប់តែត្រូវខ្សែភ្លើងឆក់ជាប់ភ្លាមៗ។ រំពេចនោះក្រុមជាងបានរត់ទៅបិទកុងតាក់អគ្គិសនី ហើយនាំគ្នាជួយសង្គ្រោះបឋម និងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ តែជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានពិនិត្យទៅលើជនរងគ្រោះគ្រប់ផ្នែកទាំងអស់ពុំឃើញមានស្លាកស្នាមអ្វីឡើយ ដោយជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ដោយខ្លួនឯងប្រាកដមែន៕
ដោយ៖ សូរិយា