ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:០០ ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល  Cambodia (Xiamen) Commercial Center ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោករដ្ឋមន្រ្តី វេង សាខុន ព្រមជាមួយលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញមួយចំនួនទៀតក៏បានអញ្ជើញចូលរួមជាសាក្សីផងដែរ។ 

លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណជូនចំពោះលោកនាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះកិច្ចខិតខំប្រឹងប្រែង សហ ការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀតគឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។ លោក បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹង ប្រែងរបស់ភាគីទាំងពីរ ដែលឈានមកដល់ការចុះហត្ថលេខាលើឯកសារ MOU នាពេលនេះ។ លោកបានលើកឡើងថាទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅ ផ្លូវការ។ ឯកសារ MOU ដែលនឹងចុះហត្ថលេខានៅពេលបន្តិចទៀតនេះនឹងជួយបើកទីផ្សារចិនដែលជាទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។ ផលិតផលមានទីផ្សារ លោកបញ្ជាក់បន្ថែមថាផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីសារចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមតិរបស់លោកប្រធានមជ្ឈមណ្ឌលបានលើកឡើងថាមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអានគតដ៏ខ្លី។ 

លោករដ្ឋមន្ដ្រីបានសាទរ និងបង្ហាញឆន្ទ:គាំទ្រលើដំណើរការនៃការអនុវត្តខ្លឹមសារ MOU របស់ភាគីទាំងពីរ រួមជាមួយភាគីពាក់ព័ន្ធក្នុងនោះក៏មានអ្នកចិញ្ចឹមផងដែរ។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ដ្រីបានអំពាវនាវដល់អ្នកចិញ្ចឹមត្រចៀកកាំសូមអញ្ជើញមកទាក់ទងអគ្គនាយកដ្ឋានកសិកម្មដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមតាមរយ:លោកកែ មុន្ធិវុធ ប្រធានាយកដ្ឋាអនាម័យ និងភូតគាមអនាម័យទូរស័ព្ទ ០១២ ៤២៥៥៥៨។  

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថាតាមស្ថិតិ​​របស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមាន​ផ្ទះត្រចៀកកាំចំនួន​៨៧២​ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន-១,៥តោន/ខែ។​ ​សំបុកត្រចៀកកាំ​ទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារ​/គក្រ និងសំបុក​​​​​​​​​ត្រចៀកកាំដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០-២ ០០០ដុល្លារ/គក្រ។ 

កាលពីថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្ម​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជា​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian។មជ្ឈមណ្ឌលនេះ​កំពុង​សហការ​ជាមួយក្រុមហ៊ុន  Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែន​ការ​​​​​​វិនិយោគ​ក្នុង​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រមូលទិញ និងកែច្នៃ​សំបុកត្រចៀកកាំនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិន និងមាន​បំណង​ផ្តល់​កិច្ច​សហការ​ជួយ​កម្ពុជា​​ក្នុង​ការរៀបចំ​ឯកសារចរចាបើកទីផ្សារនេះ រួមទាំងធ្វើជាអន្ធការី​សម្របសម្រួលការងារ​នេះ​​ជា​មួយ​ GACC ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖