ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនទទួលមរណភាព

ចែករំលែក៖

តាមប្រភពព័ត៌មានពីក្រសួងការបរទេសមីយ៉ាន់ម៉ាបានប្រកាសឱ្យដឹងថា នៅថ្ងៃទី៧ខែសីហា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនបានទទួលមរណភាពក្នុងទីក្រុង Kunming ។ ប៉ុន្តែភាគីមីយ៉ាន់ម៉ាមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះឡើយ ។
មន្ត្រីការទូតមីយ៉ាន់ម៉ានៅទីក្រុងប៉េកាំង និងគេហទំព័រមួយចំនួនរបស់មីយ៉ាន់ម៉ាបានផ្សាយថា មូលហេតុគឺដោយសារតែជំងឺបេះដូង។ នេះជាមន្ត្រីការទូតបរទេសលើកទី៤ហើយដែលបានស្លាប់នៅប្រទេសចិនក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។
ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសអំពីដំណឹងមរណភាពរបស់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាខាងលើ គឺលោក U Myo Thant Pe ដែលត្រូវបានចុះផ្សាយបន្តដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយរបស់មីយ៉ាន់ម៉ា នាថ្ងៃចន្ទនេះ។ ប៉ុន្តែនៅក្នុងនោះពុំមានការបញ្ជាក់អំពីមូលហេតុនៃមរណភាពរបស់លោកឡើយ។ ទោះជាយ៉ាងណាក្តី បើតាមប្រភពពីក្រុមអ្នកការទូតនៅទីក្រុងប៉េកាំង និងសេចក្តីរាយការណ៍ព័ត៌មានមីយ៉ាន់ម៉ាជាភាសាចិន គឺលោកឯកអគ្គរដ្ឋទូតទំនងជាបានស្លាប់ដោយសារគាំងបេះដូង។
លោក យូ មីយ៉ូ ថាន់ប៉េ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ហើយលោកបាននៅបន្តកាន់តំណែងដដែល ក្រោយការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ានាខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ បេសកជនកំពូលរបស់បរទេស ចំនួន៣នាក់ផ្សេងទៀតក៏បានទទួលមរណភាពនៅក្នុងប្រទេសចិនផងដែរ។ កាលពីខែមេសា ឯកអគ្គរដ្ឋទូតហ្វីលីពីន លោក ចូសេ សាន់ទីអាហ្កោ ស្តា រ៉ូម៉ាណា (Jose Santiago Sta Romana) វ័យ៧៤ឆ្នាំបានទទួលមរណភាពអំឡុងពេលធ្វើចត្តាឡីស័កកូវីដ-១៩ នៅខេត្តអានហ៊ុយ (Anhui)។ រីឯកាលពីខែកុម្ភៈ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក សឺហ្គី កាមីស្សេវ (Serhiy Kamyshev) វ័យ៦៥ឆ្នាំ បានស្លាប់ក្នុងអំឡុងទស្សនកិច្ចទៅកាន់កន្លែងប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង។ ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក ចន ហេកគ័រ (Jan Hecker) វ័យ៥៤ឆ្នាំ បានទទួលមរណភាព កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រោយចូលកាន់តំណែងមិនបានដល់២សប្តាហ៍ផង៕

ដោយ៖ ធីរីណា


ចែករំលែក៖