ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាកាមចំនួន ១៨២នាក់ចូលរៀនវគ្គបំប៉នជំនាញបោសសម្អាតមីន នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក

ចែករំលែក៖

ខេត្តតាកែវ ៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាយត្រាំខ្នារ ស្ថិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីនរយៈពេលខ្លី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងទ័ពជើងគោក ក្រោមអធិបតីភាពឧត្តមសេនីយ៏ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ព្រមទាំងវត្តមានមន្ត្រីជំនាញអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ ( CMAC ) ។

នៅក្នុងមតិស្វាគមន៏ និងរបាយការណ៏បើកវគ្គ អានដោយលោកឧត្តមសេនីយ៏ទោ គង់ ប៉ក់ នាយសេនាធិការរង និងជាមេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បានឲ្យដឹងថាវគ្គដែលត្រូវដំណើរការបើកនាពេលនេះ មានរយះពេល ១៩ថ្ងៃ ចាប់បើកពីថ្ងៃទី៨ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ មានកម្មសិក្ខាកាមចំនួន ១៨២នាក់ គ្រូយោធាចារ្យចំនួន ៦ នាក់ អ្នកសម្របសម្រួលចំនួន ០៦នាក់ និងជំនួយការចំនួន ៩នាក់ សរុបចំនួន ២០៤នាក់ ។មកពីបណ្តារកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ ខ្លឹមសាមេរៀនដែលត្រូវរៀនសូត្ររួមមាន ៖

មេរៀនជំនាញបោសសម្អាតមីន ( របៀបប្រើប្រាស់ម៉ាស៊ីនរាវម៉ីន ) , ម៉ាស៊ីនរាវម៉ីនស៊ាឌីវ័ន (Ciea D1) , ម៉ាស៊ីនអេសស្រីុ(F3)ទ្រឹស្តី+ ការអនុវត្ត, ម៉ាស៊ីនរាវម៉ីនស៊ាឌីវ័ន (Ciea D1) និងឌីអេស( DS) , ម៉ាស៊ីនF3 ( ទ្រឹស្តី+ការអនុវត្ត ) , ម៉ាស៊ីនអេប៊ិចជ័រ និងអាប់បុិច ៧៤០ , ម៉ាស៊ីនឌីអេស និងអាប់បុិច ៧៤០ , អប់រំចិត្តសាស្ត្រ និងមុខវិជ្ជាពេទ្យបឋម ។គ្រប់មេរៀនជំនាញគ្រូយោធាចារ្យនឹងផ្តល់ជូនទាំងទ្រឹស្តី និងការអនុវត្តន៏ជាក់ស្តែងផងដែរ ។

មន្ត្រីជំនាញអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស៊ីម៉ាក់ ( CMAC ) លោក អ៊ុំ សុជាតិ អនុប្រធានអចិន្ត្រៃយ៍វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ជាប្រធានសាលាហ្វឹកហ្វឺន ទទួលបន្ទុកការងារទូទៅក្នុងពិធីបើកវគ្កហ្វឹកហ្វឺនជំនាញម៉ាស៊ីនរាវមីន បានចូលអបអរសារទ និងថ្លែងអំណរគុណដល់មេបញ្ជាការកងទ័ពជើងគោក និងដោយមានការសម្របសម្រួលពីឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ដែលបានឲ្យអង្គភាពស៊ីមាក់ចូលរួមបើកវគ្គដល់នាយ- ពលទាហានកងទ័ពជើងគោកជាបន្តបន្ទាប់ ។  លោក អ៊ុំ សុជាតិ បានបន្តទៀតថា ចាប់តាំងពីឆ្នាំ២០១៩មកដល់ពេលនេះបានដំណើរបើកវគ្គការបោសសម្អាតមីននៅបញ្ជាការដ្ឋានវិស្វកម្មបានចំនួន ៣លើក មានសិក្ខាកាមចូលរួមរៀនសូត្រសរុបចំនួន ៤១៨នាក់ និងបានចាត់ទុកថា ការដំណើរបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីនដល់កងទ័ពនាពេលនេះពិតជាបានពង្រឹងសមត្ថភាព គុណភាព ចំណេះដឹង ចំណេះធ្វើ ពិតប្រាកដក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កងយោធពលខេមរភុមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឃន៏ជាតិ ។

ក្នុងនាមលោក ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ខឹមជា សាឃឿន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង និងសហការីចំណុះបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោកទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្តបំពេញភារកិច្ចរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នាពេលកន្លងមក និងបានសហការគ្នាជាធ្លុងមួយធ្វើឲ្យវគ្គនេះបានដំណើរការបើកប្រព្រឹត្តិទៅតាមការគ្រោទុក្ខ។

លោក ខឹមជា សាឃឿន ក៏បានបញ្ចាក់ពីគោលបំណងនៃបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីននាពេលនេះគឺសំដៅកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនឲ្យមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថភាពខ្ពស់ក្នុងការអនុវត្តន៏កិច្ចការបោសសម្អាតមីនទាំងការគ្រប់គ្រងធនធានមនុស្ស និងមូលដ្ឋានសម្ភារៈឲ្យមានលក្ខណះប្រសើរសមស្រប និងឲ្យយោធិនទាំងអស់យល់ដឹងអំពីការប្រើប្រាស់ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ យល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាកសំណល់ជាតិផ្ទុះដែលបន្សល់ទុក្ខពីសម័យសង្គ្រាម ។

លោក ខឹមជា សាឃឿន ក៏គូសបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលរងនូវសង្គ្រាមចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ប្រទេសជាតិត្រូវរំដោះចេញពីរបបប៉ុលពតក៏ពិតមែន តែសង្គ្រាមមិនបានបញ្ចប់នោះទេ រហូតដល់ឆ្នាំ១៩៩៨ សង្គ្រាមត្រូវបានបញ្ចប់ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា កម្ពុជាបានបន្សល់នូវកាកណល់សង្គ្រាមជាច្រើនរហូតដល់បច្ចុប្បន្ន ។ ប៉ុន្តែវិស័យដោះមីនរបស់កងយោធពលខេមរភូមិន្ទ ចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្លេះ ។

លោក ខឹមជា សាឃឿន បានប្រសាសន៍បន្តទៀតថា សម្តេចតេជា នាយករដ្ឋមន្ត្រីបានបង្កើតអជ្ញាធរគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានសម្តេចជាប្រធាន ហើយមានភារកិច្ចជួយសម្របសម្រួលលើវិស័យមីនទូទាំងប្រទេស និងឆាកអន្តរជាតិ ។ អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានប្រកាសដាក់ចេញនូវគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ ផ្តល់ដីសុវត្ថិភាព

បង្កើតស្នាមញញឹម ។ ទន្ទឹមនិងនោះកងកម្លាំងវិស្វកម្មកងទ័ពជើង នៃកងយោធពលខេមរភូមិន្ទ បានប្រកាន់ភ្ជាប់នូវតួនាទី ភារកិច្ច ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឈន៍ជាតិ ដោយបានរំដោះដីជូនប្រជាពលរដ្ឋប្រកបមុខរបរចិញ្ចឹមជីវិត និងរស់នៅដោយក្តីសង្ឃឹម ។ លោក ខឹមជា សាឃឿន បានថ្លែងអំណរគុណដល់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល នាយកស៊ីមាក់CMAC ដែលតែជួយផ្តល់ទាំងស្មារតី សម្ភារៈ ថវិកា បទពិសោធន៍និងសហការីទាំងអស់ កនុងកិច្ចការដោះមីន កម្លាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ ។

លោក ខឹមជា សាឃឿន ក៏បានផ្តាំផ្ញើរដល់សិក្ខាលកាមទាំងអស់ គោរពឲ្យបានហ្មឺងម៉ាត់នូវនិន័យសណ្តាប់ធ្នាប់ បទបញ្ជាផ្ទៃក្នុងវគ្គ វិន័យ បទបញ្ជាទូទៅ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹងមុខជំនាញបច្ចេកទេស និងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមលើបណ្តារខ្លឹមសារមេរៀន ត្រូវយកចិត្តទុកដាក់សិក្សាទាំងទ្រឹស្តី ក៏ដូចជាការអនុវត្តជាក់ស្តែង ខិតខំស្រាវជ្រាវបន្ថែមឯកសារដែលមានស្រាប់ ស្វែងយល់បទពិសោធន៏ល្អៗ ត្រូវពុះពារជំនះរាល់ការលំបាក និងខិតខំរៀនសូត្រឲ្យបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ ៕

ដោយ ៖ សហការី


ចែករំលែក៖