ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកជាមួយរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងសាច់ញាតិ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឡុង សារ៉ាត់ អាយុ២២ឆ្នាំ មុខរបរ កម្មករ ថែទាំផ្កា ស្នាក់នៅកន្លែងធ្វើការ ម្តុំពេទ្យជោរៃ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ និងមានទីកន្លែងកំណើត ភូមិថ្មពាន ឃុំអង្គរតាសូរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IH-8445 ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយវ៉ាជែងមិនផុតជ្រុលទៅបុកបញ្ឆិតម៉ូតូ បណ្ដាលឲ្យអ្នកបើកម៉ូតូដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រីឯម៉ូតូខូចខាតចំហៀងខាងស្ដាំគួរសម្យ ។ ដោយឡែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ គឺបើកបន្តទៅមុខបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បណ្ដោះអាសន្ន រង់ចាំប្រគល់ឲ្យក្រុមគ្រួសារនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ