ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃការចុះផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន និយោជក ឬម្ចាស់ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ឱ្យបានជ្រាបថា យោងតាមសេចក្ដីណែនាំលេខ ០៣៥/២២ ក.ប/សណ.ន.បស.ស. ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីយុទ្ធនាការផ្សព្វផ្សាយរបប សន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ មានចំនួន ៦២៩លើក មានកម្មករ និយោជិតចូលរួមចំនួន ២៨៤ ២៧៧នាក់ ស្រី ២០៨ ០០៨នាក់។

តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែល ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ម្យ៉ាងវិញទៀត បងប្អូនកម្មករនិយោជិត បានបង្ហាញពី ភាពពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះឡើង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖