ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងនៅក្រោមស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឱ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបមិត្តភក្តិ២នាក់ទៀតធ្វើដំណើរបញ្ច្រាសទិសជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលជិះដោយបុរសម្នាក់ចំពីមុខពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាល៣នាក់ រីឯម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំ ។

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

       តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស្ករ ពាក់ស្លាកលេខ 1AP-3867 ឌុបគ្នាបញ្ច្រាសទិសតាមបណ្ដោយផ្លូវលេខ២៧១ពីត្បូងទៅជើងក្នុងល្បឿនលឿន។ ខណៈជិះមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-0710 ពីជើងទៅត្បូងក្នុងល្បឿនលឿន រួចក៏បុកគ្នាជាមួយម៉ូតូPCX ដែលជិះបញ្ច្រាសផ្លូវចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូទាំងសងខាងរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យម្ចាស់ម៉ូតូហុងដាឌ្រីមម្នាក់រងរបួសធ្ងន់ ឯភាគីខាងម៉ូតូPCXទាំង៣នាក់រងរបួសស្រាល ។

     ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសភ្លាមៗ ។ ដោយឡែកម៉ូតូទាំងពីរគ្រឿងដែលរងការខូចខាតត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យជាបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នាតាមក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖