ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា ចេញបទបញ្ជាបន្ទាន់ឱ្យបើកការស៊ើបអង្កេត​ ស្រាវជ្រាវ​ករណីប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញរហូតបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅខេត្តកំពង់ធំ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់​ពី​មានការចែកចាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធ​ករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងរវង់ប្រតិបត្តិការកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញមួយ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា បណ្តាលមកពីកម្លាំងអាវុធហត្ថនោះ។​ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ​ បានបញ្ជាជាបន្ទាន់ដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ បើកការស៊ើបអង្កេតលើករណីនេះ​ហេីយ​។​

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ ក្នុងករណីនេះជាបណ្តោះអាសន្ន ហើយឱ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរង់ចាំការស៊ើបអង្កេត និង លោកបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ថាតើជនរងគ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់ ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរងគ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់មេននោះ គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងឱ្យជាដាច់ខាត។

នាយឧត្តមសនីយ៍ សៅ សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការិយាល័យនាយការិយាល័យអធិការកិច្ច ស្នងការ ស្នងការដ្ឋានកសាងកម្លាំង រួមជាមួយនឹងស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដែលទាក់ទងទៅនឹងការអនុវត្តន៍នូវនីតិវិធី ដឹកនាំកិច្ចការស្រាវជ្រាវនេះ ដោយស្នងការ ស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះទៅធ្វើអធិការកិច្ច ទៅត្រួតពិនិត្យ រកអំពីមូលហេតុពិតករណីស្លាប់ប្រជាជននៅខេត្តកំពង់ធំ»។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា «ថ្ងៃនេះ ខ្ញុំនឹងធ្វើសេចក្ដីសម្រេចចេញបទបញ្ជាឱ្យអស់លោកចុះទៅស្រាវជ្រាវហើយខេត្តកំពង់ធំ ត្រូវសហការរឿងនេះឱ្យបានពិតប្រាកដស៊ីជម្រៅ កំហុសនៅលើអ្នកណា ដែលបានប្រព្រឹត្តត្រូវឃាត់ខ្លួនអ្នកនឹងភ្លាម ឥឡូវនៅចំពោះមុខ ខ្ញុំសុំឃាត់មនុស្សទាំងដែលមានការពាក់ព័ន្ធ អ្នកដែលចុះទៅអនុវត្តរង់ចាំការស្រាវជ្រាវ»។

បើតាមនាយឧត្តមសេនីយ៍ សៅ សុខា, បើការស្រាវជ្រាវរកឃើញថា អ្នកដែលបានស្លាប់ ដោយសារតែទារុណកម្មរបស់កងរាជអាវុធហត្ថ បុគ្គលណាអ្នកប្រព្រឹត្ត គឺត្រូវតែកសាងសំណុំរឿងអនុវត្តច្បាប់ចំពោះបុគ្គលនោះ ដោយគ្មានការយោគយល់នោះទេ។​ ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ៗថា «មិនឱ្យនរណាម្នាក់ធ្វើអ្វីស្រេចតែចិត្តនោះទេ ព្រោះមន្ត្រីសុទ្ធតែកូនប្រជាជន»៕

ដោយ​៖សហការី​


ចែករំលែក៖