ព័ត៌មានទាន់ហេតុការណ៍៖

ល្បឿនយ៉ាងណាទៅលោកព្រះ បុកផុងចូលក្នុងក្បាលរថយន្តស៊េរីឆ្នាំ២០២២ ទាំងម៉ូតូ និងមនុស្ស

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី​០៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏មហារន្ធត់មួយបានកើតឡើង រវាងអ្នកបើកបររថយន្តស៊េរីទំនើប១គ្រឿងម៉ាក ford RANGER ស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ 1871 និងអ្នកជិះម៉ូតូម៉ាក ViVa សេរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONU 2447 ច្រាស់ទិសគ្នា។

 របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៣-៥៤ ស្ថិតនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីអាជ្ញាធរដដែលបន្តថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបខាងលើ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានបុកអ្នកជិះម៉ូតូពេញទំហឹង ខណៈកំពុងធ្វើដំណើរពីកើតទៅលិច(ច្រាស់ទិសគ្នា)បណ្ដាលឲ្យម៉ូតូ និងមនុស្សផុងចូលជាប់ក្នុងក្បាលរថយន្តស្លាប់យ៉ាងសង្វេគ ។

 ប្រភពបញ្ជាក់បន្ថែមទៀតថា មូលហេតុៈ អ្នកបើកបររថយន្តស៊េរីទំនើប(គេចខ្លួន)បង្កហេតុ បើកបរ(មិនកាន់ស្ដាំ)។ ចំណែកជនរងគ្រោះ(ស្លាប់)ខាងភាគីម៉ូតូត្រូវបានគេស្គាល់ឈ្មោះ យ៉ាន ថា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ មានទីលំនៅ ភូមិព្រៃផ្អេ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងរថយន្ត រក្សាទុកបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖