ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រួសារសពអនុភូមិរូង ដែលត្រូវបានអាវុធហត្ថចាប់ខ្លួន កន្លែងបើកល្បែងមាន់អនឡាញដាច់ខ្យល់ស្លាប់ក្នុងរថយន្តសមត្ថកិច្ច ស្រែករកពន្លឺយុត្តិធម៌

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រុមគ្រួសារសពអនុភូមិរូង បានទាមទារពន្លឺយុត្តិធម៌ និងដោះស្រាយ បានចោទប្រកាន់កម្លាំងអាវុធហត្ថឃាត់ខ្លួននៅកន្លែងទីតាំងបើកមាន់ជល់អនឡាយ បង្កឱ្យដាច់ខ្យល់ស្លាប់ជនរងគ្រោះពាក់កណ្តាលផ្លូវ ខណៈពេលបញ្ជូនខ្លួនមកកាន់ខេត្តកំពង់ធំដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ 

    យោងតាមការឱ្យដឹងពីភរិយាសព មានឈ្មោះ សុន សារិន អាយុ៤៦ឆ្នាំរស់នៅភូមិរួម ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឱ្យដឹងថា ជនរងគ្រោះសព(ប្តី)ឈ្មោះ សួង ឌ័ន អាយុ ៤៧ឆ្នាំ ជាអនុភូមិរូង កាលវេលាម៉ោង ៥ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានកម្លាំងអាវុធហត្ថចាប់ខ្លួន និងបានសង្កត់ត្រង់ចំណុច ក រហូតគាត់ដកដង្ហើមមិនចេញ រហូតគាត់ផុតដង្ហើមនៅលើរថយន្តរបស់អាវុធហត្ថ សូមជួយរកពន្លឺយុត្តិធម៌ជូនគ្រួសារ។

      លោកពេជ្រ ថៃ អាយុ ៥០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនទៅជាមួយនិងជនរងគ្រោះខាងលើនេះបានឱ្យដឹងថា មុនកើតហេតុជនគ្រោះបានចូលជ្រកភ្លៀង នៅតូបបើកល្បែងមាន់អនឡាញ មិនទាន់អង្គុយផងស្រាប់តែមានកម្លាំងអាវុធហត្ថចុះចាប់តែម្តង ។ លោកបានបន្តថា កុំរត់អីមានក្រុមហ៊ុនគេជាអ្នកដោះស្រាយទេ តែជនរងគ្រោះខ្លាចក៏រត់តែម្តង តែរត់មិនរួចត្រូវបានអាវុធហត្ថឃាត់ខ្លួនបានតែម្តង ហើយក៏វៃខ្នោះ តែភ្លាមនោះ ជនរងគ្រោះបានស្រែកប្រាប់កម្លាំងអាវុធហត្ថថា ខ្លួនមិនស្រួលខ្លួនឡើយ សូមដោះខ្នោះចេញ តែយ៉ាងណាកម្លាំងសមត្ថកិច្ចមិនព្រមដោះខ្នោះឡើយ ។ 

      លោកបានបន្ថែមថា ក្រោយមកបានចាប់បញ្ជូនចូលក្នុងរថយន្តតែម្តង ដែលមានគ្នា ៤នាក់ ទាំងជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនមកខេត្ត តែភ្លាមនោះជនរងគ្រោះថា «បងខ្ញុំមិនស្រួលទេ» ដល់ពាក់កណ្តាលទើបកម្លាំងអាវុធហត្ថដោះខ្នោះចេញពីជនរងគ្រោះ តែអាការៈមិនស្រួលឡើយ ហើយសភាពរៀងកាយជនរងគ្រោះបែកញើសជោគ រហូតដល់ផ្លូវ២០២ទើប ជនរងគ្រោះស្រែកម្តងទៀតថា ស្រែកទឹកណាស់ តែក្នុងរថយន្តនោះគ្មានទឹកឡើយ ហើយក៏ឈប់រថយន្តទិញទឹកឱ្យជនរងគ្រោះផឹក តែជនរងគ្រោះមិនព្រមផឹកទេ ប្រហែលជា ១០នាទី សភាពជនរងគ្រោះត្រជាក់រឹងដូចដុំថ្ម តែដល់ចំណុចមុខវត្តបល្ល័ង្ក ភូមិបល្ល័ង្ក ស្រុកបារាយណ៍ ឈ្មោះ សួង ឌ័ន បានធ្វើទុកម្តងទៀត ក៏ដាច់ខ្យល់ស្លាប់តែម្តង ទោះបីជាព្យាយាមធ្វើចលនាយ៉ាងណាក្តី តែជនរងគ្រោះបានស្លាប់ហើយ ។ លោកបន្ថែម ក្រោយពីបានស្លាប់ក្នុងរថយន្តសមត្ថកិច្ចក៏បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសន្ទុក បារាយណ៍ ដើម្បីឱ្យគ្រូពេទ្យធ្វើការសង្គ្រោះ ប៉ុន្តែពេលដល់មន្ទីរពេទ្យបានប្រាប់ថា ឈ្មោះ សួង ឌ័ន(ជនរងគ្រោះ) បានស្លាប់បាត់បង់ជីវិតហើយ។

ក្នុងនោះដែរក្រុមគ្រួសារសពរងគ្រោះបាន សំណូមពរស្នើសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មធិការសិទ្ធិមនុស្សកម្ពុជា សូមមេត្តាជួយស្វែងរកយុត្តិធម៌ដល់ក្រុមគ្រួសារ ដែលបានរងនូវអំពើដ៏សាហាវព្រៃផ្សៃ និងអមនុស្សធម៌បែបនេះ។ យើងខ្ញុំជាក្រុមគ្រួសារសពសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និងលោកកែវ រ៉េមី នឹងជួយផ្តល់នូវយុត្តិធម៌ដល់ក្រុមគ្រួសារនាងខ្ញុំឆាប់ៗខាងមុខនេះជាក់ជាមិនខាន»។

ដោយឡែកក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសន្ទុក បារាយណ៍បានឱ្យដឹងថា បញ្ហាខាងលើនេះ ក្រុមគ្រូពេទ្យមិនអាចសន្និដ្ឋានថា តើការស្លាប់ពីមូលហេតុអ្វីដែរ? ថា គាំងបេះដូង ឬក៏បញ្ហាជំងឺអ្វីនោះដែរ? គឺមិនអាចសន្និដ្ឋានបានទេ ព្រោះអីជនរងគ្រោះស្លាប់បាត់បង់ជីវិត មុនដល់មន្ទីរទេព្យ បើសិនជននោះមានដង្ហើម ស្លាប់នៅក្នុងមន្ទីរពេទ្យ ក្រុមគ្រូពេទ្យអាចសន្និដ្ឋានបានជាក់ជាមិនខាន ។ 

     ទន្ទឹមនោះដែរនាយឧត្តមសនីយ៍ សៅ សុខា បានបញ្ជាក់តាមសារសំឡេងថា ការិយាល័យនាយការិយាល័យអធិការកិច្ច ស្នងការ ស្នងការដ្ឋានកសាងកម្លាំង រួមជាមួយនឹងស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដែលទាក់ទងទៅនឹងការអនុវត្តន៍នូវនីតិវិធី ដឹកនាំកិច្ចការស្រាវជ្រាវនេះ ដោយស្នងការ ស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះទៅធ្វើអធិការកិច្ច ទៅត្រួតពិនិត្យ រកអំពីមូលហេតុពិតករណីស្លាប់ប្រជាជននៅខេត្តកំពង់ធំ។

      នាយឧត្តមសេនីយ៍ សៅ សុខា សារសំឡេងនោះបានបញ្ជាក់ទៀតថា ថ្ងៃនេះ ខ្ញុំនឹងធ្វើសេចក្ដីសម្រេចចេញបទបញ្ជាឱ្យអស់លោកចុះទៅស្រាវជ្រាវហើយខេត្តកំពង់ធំ ត្រូវសហការរឿងនេះឱ្យបានពិតប្រាកដស៊ីជម្រៅ កំហុសនៅលើអ្នកណា ដែលបានប្រព្រឹត្តត្រូវឃាត់ខ្លួនអ្នកនឹងភ្លាម ឥឡូវនៅចំពោះមុខ ខ្ញុំសុំឃាត់មនុស្សទាំងអស់ដែលមានការពាក់ព័ន្ធ អ្នកដែលចុះទៅអនុវត្តរង់ចាំការស្រាវជ្រាវ។ 

ចំណែកលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំមិនអាចសុំការបំភ្លឺករណីពាក់ខាងលើនេះបានទេ ដោយសារវល់ជាប់ប្រជុំ ។

       សូមបញ្ជាក់ថា កម្លាំងអាវុធហត្ថខេត្តកំពង់ធំ ចុះប្រតិបត្តិការ បង្ក្រាបទីតាំងហាងកាហ្វេជល់មាន់អនឡាញមួយកន្លែង នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២៕

ដោយ៖ កែវ មុន្នី


ចែករំលែក៖