ព័ត៌មានទាន់ហេតុការណ៍៖

គ្មានលុយបង់ធនាគារបែកគំនិតលួចម៉ូតូគេតែពុំបានសម្រេចម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ព្រោះតែគ្មានលុយបង់ធនាគារ ខណៈឃើញម៉ូតូគេទុកនៅខាងមុខផ្ទះ ដោយជាប់សោនៅនឹងម៉ូតូ ក៏ធ្វើសកម្មភាពលួចជិះទៅបាត់តែសំណាងល្អត្រូវបានម្ចាស់ម៉ូតូឃើញទាន់ ក៏ស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជួយស្ទាក់ឃាត់ខ្លួនបាន រួចប្រគល់អោយសមត្ថកិច្ចចាត់ការ ។ ការណីនេះ បានកើតឡើងនៅ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣ និង ៣០នាទី ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

     មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុត បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ចំណែក ជនសង្ស័យឈ្មោះ ផាត់ សុផល់ ភេទប្រុស អាយុ៥០ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AT-9792 ,កាំភ្លើងខ្លីជ័រចំនួន០១ដើម និងកូនកាំបិតចុចចំនួនមួយ និងផ្លាកលេខ ភ្នំពេញ 1FO-8402 ចំនួនមួយផ្ទាំង ,ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប៊ិកចាស់ចំនួន០១គ្រឿង ។

     ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចតម៉ូតូរបស់ខ្លួន  នៅខាងមុខផ្ទះដោយភ្លេចដកកូនសោរចេញ ហេីយបានដើរចូលក្នុងផ្ទះ។ បានរយៈពេលប្រហែលកន្លះម៉ោងក្រោយមកជនរងគ្រោះក៏ដើរចេញទៅដកកូនសោរម៉ូតូវិញ ស្រាប់តែឃើញមានជនសង្ស័យបានឡើងជិះម៉ូតូរបស់ខ្លួន ហើយជិះចេញទៅទិសខាងលិចបានចម្ងាយប្រហែល១០ម៉ែត្រ ទើបជនរងគ្រោះរត់ដេញតាមពីក្រោយនិងស្រែកថាចោរៗ ។ ពេលនោះក៏មានអ្នកធ្វើដំណើរតាមដងផ្លូវបានជួយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងម៉ូតូបានភ្លាមៗមកវិញ បន្ទាប់មកជនរងគ្រោះបានរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្ដិ៍បែកចាន ។ ក្រោយពីទទួលបានព័ត៌មានហើយសមត្ថកិច្ចប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំបន្តតាមនីតិវិធីច្បាប់។

     ក្រោយមកជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានលួចយកម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AT-9792 របស់ជនរងគ្រោះពិតមែនដោយសារខ្លួនត្រូវការរកលុយបង់ការប្រាក់ធនាគារ ហើយកាំភ្លើងខ្លីជ័រ និងកូនកាំបិត ក៏ជារបស់ដាក់តាមខ្លួនដែរ។

   ចំពោះករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕

ដោយ៖បុឹម ពិន


ចែករំលែក៖