ខេត្តពោធិ៍សាត់ ៖ ក្រុមគ្រួសារសាច់ញាតិសិស្សសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ទទូចសុំឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ លើករណីជនបិទមុខមិនស្គាល់អតសញ្ញាណចំនួន២នាក់ ចាក់បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ខណៈនាងព្យាយាមបិទទ្វារបង្អួចបន្ទប់ថ្នាក់ពេលចេញពីរៀនគួរ ។
ហេតុការណ៍ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ៦ និង១០នាទី ព្រលប់ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ថ្នាក់ទី9B នៃសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតនៅភូមិ.ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដែលបានចុះពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុបានឲ្យដឹងថា កូនសិស្សរងរបួសឈ្មោះ អ៊ាង ម៉ាណែត ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រៀនថ្នាក់ទី9B នៃសាលាវិទ្យាល័យកើតហេតុ មានទីលំនៅ ភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្ត្រីសមត្ថកិច្ចនគរបាលបន្តថា នៅវេលាម៉ោងខាងលើ សិស្សរងរបួស(អ៊ាង ម៉ាណែត)បានចេញពីរៀនគួរ(គណិត)នៅបន្ទប់ថ្នាក់ទី10Aនៃសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ខណៈនោះនាងឃើញបន្ទប់ថ្នាក់ទី9Bរបស់ខ្លួនរៀន ចំហទ្វារបង្អួចផ្នែកខាងមុខ និងខាងក្រោយ ក៏បបួលមិត្តភក្ដិស្រីទៅបិទ ប៉ុន្តែមិត្តភក្ដិមិនបានទៅជាមួយទេ ព្រោះប្រញាប់ទៅផ្ទះបងចាំ ខ្លួនក៏ដើរទៅម្នាក់ឯងរួចរុញទ្វារបង្អួចផ្នែកខាងមុខបិទ ហើយបានឃើញមនុស្សប្រុសពាក់មួកពណ៌ខ្មៅ មានពាក់ស្រោមមុខ(ក្រណាត់)បិទជិតនៅតែប្រឡោះភ្នែក ពាក់អាវក្រណាត់ដៃវែង ពណ៌ខ្មៅ និងស្លៀកខោ.ខៅប៊យជើងវែង ពណ៌ខៀវ មានរហែកត្រង់ក្បាលជង្គង់ព្រុយៗ កំពុងអង្គុយចុចទូរស័ព្ទនៅក្រោមដើមឈើក្បែរបង្អួច បន្ទាប់មកនាងបានដើរទៅរុញបិទទ្វារបង្អួចផ្នែកខាងក្រោយបន្ត ប៉ុន្តែត្រូវបានជននោះស្ទុះទៅរុញនាងឲ្យចូលទៅក្នុងបន្ទប់ថ្នាក់ ភ្លាមនោះមានជនម្នាក់ទៀតមានឯកសណ្ឋានប្រហាក់ប្រហែលគ្នានៅក្នុងបន្ទប់ថ្នាក់ស្រាប់ ចាប់ដៃនាងទាញគ្រៀកចូលក្នុងបន្ទប់តែម្ដង ថែមទាំងយកកូនកាំបិតចុងស្រួចមកគំរាម កុំឲ្យរើបំរាស់ប្រយ័ត្នអារ.ក ភ្លាមនោះចាក់ចំដើមទ្រូង(សើៗ)ខាងឆ្វេង១កាំបិត នាងនៅតែប្រឹងរើបំរាស់ព្រោះភ័យខ្លាចណាស់ តែត្រូវជននោះចាក់ថែមចំពោះផ្នែកខាងឆ្វេងចំនួន៣កាំបិតទៀត ដោយកាំបិតទី-១ និងកាំបិតទី-២ចាក់ដកៗ ចំណែកកាំបិតទី-៣ ចាក់អត់ដកទេ(ដោតជាប់ពោះ)ជនសង្ស័យដៃដល់និយាយថា ឈ្មោះ ភក្ដី ភេទប្រុស ជួលពួកគេមកសម្លាប់ រួចហក់ចេញតាមបង្អួចផ្នែកខាងក្រោយ ផ្លោះរបងចូលសាលាបឋមសិក្សាក្បែរគ្នាគេចខ្លួន ពេលនោះនាងបានដួលនឹងដកកូនកាំបិតចេញពីពោះ បោះទៅក្រោមតុរៀន និងទូរស័ព្ទទៅម្ដាយនៅខេត្តព្រៃវែងថា ម៉ាក់(គេសម្លាប់កូនហើយ)រួចក៏សន្លប់បាត់ស្មារតីតែម្ដង ភ្លាមត្រូវបានក្រុមគ្រួសារមករកឃើញ ហើយបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា សិស្សរងរបួស(អ៊ាង ម៉ាណែត)បានប្ដូរទីលំនៅមកស្នាក់នៅជាមួយមីងឈ្មោះ ជា សុខអូន អាយុ ៣០ឆ្នាំ ស្ថិតនៅភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បញ្ហាដែលនាងដើរទៅបិទទ្វារបន្ទប់ថ្នាក់រៀននេះ ព្រោះលោកគ្រូធ្លាប់ផ្សព្វផ្សាយដល់សិស្ស បើឃើញទ្វារបង្អួចឬទ្វារបន្ទប់ថ្នាក់ចំហរជួយបិទផង ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងស៊ើបអង្កេត ។
បើទោះជាសមត្ថកិច្ចកំពុងបន្តនីតិវិធីបែបនេះក្ដី ក្រុមគ្រួសារសាច់ញាតិសិស្សរងរបួស នៅតែទទូចស្នើរសុំឲ្យស្ថាប័នមានសមត្ថកិច្ចជំនាញ បន្តនីតិវិធីឲ្យបានសុីជម្រៅបន្ថែមទៀត ព្រោះករណីដូចជាសាហាវពេកហើយ ៕
ដោយ៖ ប៉ឹម ពិន