ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតរំលកទុក្ខ គោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ !
ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមកំ ជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទូលដំណឹងថា មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលអនិច្ចកម្មកាលពីថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥ នាទីព្រឹក ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពោន យុគ គឺជាការបាត់បង់ដ៏ធំធេងនូវម្ដាយ ម្តាយក្មេក ជីដូន ជីទូត និងជាការបាត់បង់នូវញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកបទៅដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និង ការសណ្ដោសប្រោសប្រណី គួរជាទីគោរព និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់បងប្អូនកូនក្មួយ ចៅ១ ព្រមទាំង ក្រុមគ្រួសារនៃសពទាំងមូល ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏ឧត្តមមួយរូប ដែលស្ទើរពេញមួយជីវិត បានរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា គួរឱ្យកោតសរសើរយ៉ាងក្រៃលែង។
ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននេះ ខ្ញុំសូម សម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្ដីសោកសៅជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមយកឱកាសនេះ ឧទ្ទិសបូងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា កុសល ចិត្តពុទ្ធសាសនូបត្ថម្ភក៍ ទោន យុត សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព មេត្តាទទូលនូវមនោសញ្ចេតនា រំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីខ្ញុំ៕
ដោយ ៖ សំរិត