ក្លិបជើងខ្លាំងនៅអុីតាលី Inter Milan បានបញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធ Alexis Sanchez ដោយកិច្ចព្រមព្រៀងទៅវិញទៅមក។ Sanchez ជាជម្រើសជាតិឈីលីស៊ុតបញ្ចូលទីបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន១០៩ប្រកួតសម្រាប់ក្រុម Serie A បន្ទាប់ពីចូលរួមពី Manchester United ក្នុងកិច្ចសន្យាខ្ចីជើងដំបូងកាលពីឆ្នាំ២០១៩។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបានជួយក្លិប Inter Milan លើកពានលីគដំបូងរបស់ពួកគេក្នុងរយៈពេល១១ឆ្នាំក្នុងរដូវកាល ២០២០-២០២១ ប៉ុន្តែបានជួបការលំបាកក្នុងការលេងជាប្រចាំ។ Sanchez ដែលធ្លាប់លេងនៅ Arsenal ៤រដូវកាលផងនោះត្រូវបានគេទាក់ទងនឹងការផ្ទេរទៅកាន់ក្លិបបារាំង Marseille។
សេចក្តីថ្លែងការណ៍របស់ក្លិប Inter Milan បានសរសេរថា “ក្លិបសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះ Alexis សម្រាប់៣រដូវកាលចុងក្រោយនេះ ហើយយើងសូមជូនពរគាត់ឱ្យល្អបំផុតសម្រាប់អាជីពនាពេលអនាគតរបស់គាត់” ។
គួរបញ្ជាក់ថា ក្រុម Inter Milan នឹងបើកយុទ្ធនាការរដូវកាលថ្មី២០២២-២០២៣ នៅក្របខ័ណ្ឌ Serie A របស់ពួកគេក្រៅដីដោយត្រូវប៉ះក្រុម Lecce នៅថ្ងៃសៅរ៍សប្តាហ៍នេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)