ហាណូយ ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈ ប្រតិភូចូលជួបសម្តែងការគួរសមជាមួយលោក វ៉ វ៉ាន់ធឿង លេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
ក្នុងជំនួបនេះលោក វ៉ វ៉ាន់ធឿង បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរ និងបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ជាការឆ្លើយតបលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសវៀតណាម នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងបានចូលរួមអបអរសាទរចំពោះជោគជ័យរបស់ប្រទេសវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ និងការគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ១៩ ផងដែរ។
ស្របពេលដែលឆ្នាំ២០២២នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនេះ សម្តែងនូវការអរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយយកអាសារដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈក្នុងនាមជាអ្នកជិតខាងល្អ ទាំងក្នុងគ្រាលំបាក និងការឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេស៕
ដោយ៖ សូរិយា