ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តដាក់កាឡេកង់ទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៤ទៀបភ្លឺថ្ងៃទី ១០ខែសីហាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកMazdaមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BG-9122 បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ចំណែកឯរថយន្តដាចក់កាឡេកង់ទៅមុខលែងរួច សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទំនងទៅសមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ