ខេត្តកំពង់ធំ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងឱ្យដឹងថា៖ ក្រុមការងារស្រាវជ្រាវរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស គិតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានចុះទៅដល់ទីតាំងដែលមន្រ្តីមូលដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះបង្ក្រាបល្បែងជល់មាន់អនឡាញនោះហើយ។ ហើយចំពោះការចុះទៅនេះដោយកម្លាំងគណៈកម្មការចំពោះកិច្ចបានចុះទៅដល់ភូមិប្រជាពលរដ្គឺដើម្បីប្រមូលព័ត៌មានពីពួកគាត់ និងម្ចាស់ទីតាំងឱ្យបានច្បាស់លាស់ពីរង្វង់ប្រតិបត្តិការ និងសកម្មភាពបង្ក្រាបរបស់មន្ដ្រីកងរាជអាវុធហត្ថ។
លោកអ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖ មិនមានបណ្ដឹងណាមួយពីគ្រួសារសពមកកងរាជអាវុធហត្ថទេ ប៉ុន្តែគោលការណ៍កងរាជអាវុធហត្ថតែងតែទទួលយកព័ត៌មានពីបណ្ដាញសង្គមយកមកផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់មេបញ្ជាការខេត្ត។ ចំពោះលទ្ធផលនៃការស្រាវជ្រាវមកដល់ពេលនេះមិនទាន់បានបង្ហាញនៅឡើយទេ។
សូមជម្រាបដែរថា៖ កាលពីរសៀលថ្ងៃទី០៩ សីហាម្សិលមិញនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួនជាង ១០នាក់ ត្រូវបានផ្អាកការងាររបស់គាត់ បានន័យថា ព្យួរការងារសិន ដើម្បីបើកឲ្យការស៊ើបអង្កេតរបស់គណៈកម្មការចំពោះកិច្ចស្រាវជ្រាវជុំវិញករណីការស្លាប់មនុស្សនៅពេលដែលក្រុមមន្ដ្រីទាំងនេះ ចុះប្រតិបត្តិការបង្ក្រាប។ បន្ទាប់ពី អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហោះកាលពីពេលកន្លងទៅដោយលើកឡើងថា មានករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ក្នុងប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញមួយ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា ការស្លាប់នោះគឺបណ្តាលមកពីកម្លាំងកងរាជអាវុធហត្ថ៕
ដោយ៖សហការី