ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រោងជួបជាមួយសហជីព,សមាគមរោងចក្រកាត់ដេរដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកម្មការិនីនៅឆ្នាំ២០២៣ នៅថ្ងៃទី១៥ខែសីហា ឆ្នាំ ២០២២។ ជាមួយនោះសហជីពគ្រោងស្នើបន្ថែមប្រាក់ ២៥ដុល្លារក្នុងមួយខែលើប្រាក់គោល។ យ៉ាងណាក៏ ដោយវាស្ថិតនៅក្នុងការជជែកគ្នាដែលគេរំពឹងថាឈ្នួលអប្បបរមារបស់កម្មករនឹងកាន់តែប្រសើរឡើង។
ភាគីតំណាងឲ្យកម្មករនិយោជិត បានឲ្យដឹងថា ក្នុងកិច្ចចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ខាងមុខ សហជីព គ្រោងនឹងស្នើសុំបន្ថែម ២០ដុល្លារ លើប្រាក់ខែគោល ដោយក្រុមសហជីពបានជួបប្រជុំគ្នាដើម្បីពិនិត្យ និងពិភាក្សាអំពីជីវភាពរស់នៅរបស់កម្មករនិយោជិត។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា នៅព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២២នេះថ្លែងថា សហជីពបានជួបប្រជុំគ្នារួចហើយកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយបានកំណត់តួលេខក្រៅផ្លូវការមួយហើយ។ ប៉ុន្តែសហជីពត្រូវការផ្ទៀងផ្ទាត់ព័ត៌មាន ឬទិន្នន័យពីក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលទៀត និងក្រសួងសេដ្ឋកិច្ចទៀត ដើម្បីអាចបញ្ចេញតួលេខចុងក្រោយបាន។
លោកប្រធានបានបន្ថែមថា បច្ចុបន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរចំនួន ១៩៤ ដុល្លារ ប៉ុន្ដែប្រាក់ឈ្នួលទាំងនេះ មិនទាន់បានបំពេញតម្រូវការរស់នៅឱ្យបានល្អប្រសើរនៅឡើយទេ បើផ្អែកទៅលើការចំណាយប្រចាំថ្ងៃរបស់កម្មករនិយោជិត ដោយជាមធ្យមរហូតដល់ទៅ ២៩៧ដុល្លារ ក្នុង១ខែ។ ដូច្នេះមានតែការដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែសីហាខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ លើកទី២ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣៕
ដោយ៖ សូរិយា