ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើហិង្សាវាយឪពុកបង្កើតដោយគ្រាន់តែគាត់សុំលុយ១ពាន់រៀលទិញស្រាផឹកប៉ុណ្ណោះ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២២ វេលាម៉ោង៣និង២០នាទីរសៀល នៅចំណុចភូមិពោន ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ មាគ សារន អាយុ៣៦ឆ្នាំ រស់នៅភូមិពោន ឃុំដូង ស្រុករមាសហែក។ ចំណែកឪពុករងគ្រោះមានឈ្មោះ មាគ សារ៉ាយ អាយុ៥៨ឆ្នាំ រងរបួសបែកក្បាលធ្ងន់ធ្ងរ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យជាកូនបានផឹកស្រាស្រវឹងមកដល់ផ្ទះ ខណៈនោះឪពុកបានដើរជិតហើយក៏បាននិយាយសុំលុយកូនចំនួន១ពាន់រៀលដើម្បីយកទៅទិញស្រាផឹក។
ប្រភពបន្តថា ក្រោយមកស្រាប់តែកូនខឹងខ្លាំងក៏ស្ទុះទៅយកកំណាត់ឈើដោយមានដំដែកគោលភ្ជាប់នឹងឈើពីរកំណាត់វាយទៅលើឪពុកបង្កើតបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដូងបានចុះទៅដល់និងបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកកំណាត់ឈើដោយដំដែកគោលតភ្ជាប់ពីរកំណាត់វាយទៅលើឪពុករបស់ខ្លួនប្រាកដមែន ។
បន្ទាប់មកសមត្ថកិច្ចបានរាយការណ៍សុំយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដើម្បីឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមច្បាប់៕
ដោយ៖យឹម សុថាន