ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលរូបគាត់បានជិះម៉ូតូក្នុងល្បឿនលឿនធ្លាក់ចូលប្រឡាយទឹកដោយសារតែខ្វះការប្រុងប្រយ័ត្ន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកបសេដ្ឋបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២២នេះថា ករណីគ្រោះចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នៅក្នុងភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានបន្តឱ្យដឹងទៀតថា ការកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារតែជនរងគ្រោះបើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ពេលបើកមកដល់ចំណុចផ្លូវកោងធ្វើឱ្យគាត់ជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹកដោយខ្លួនឯង លង់ទឹកស្លាប់តែម្តង។
ប្រភពពីសមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះហ៊ុន ចាន់ធុច ហៅកយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិច្រកព្រាល ឃុំភក្ដី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HB-៥៧៣៧។
ក្រោយកើតហេតុនគរបាលរដ្ឋបាលឃុំ និងស្រុកបានចុះពិនិត្យធ្វើកោសល្យវិច័យ មិនឃើញមានស្លាកស្នាមអ្វីក្រៅពីគ្រោះចរាចរណ៍ដោយខ្លួនឯងនោះទេ ។
សពត្រូវមន្ត្រីជំនាញប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូនគរបាលជំនាញបានប្រគល់ឱ្យក្រុមគ្រួសារយកទៅប្រើប្រាស់វិញ ៕
ដោយ៖ចន្ទ លីហ្សា