ភ្នំពេញ ៖ រដ្ឋាភិបាលមិនមានបំណងណាមួយដំឡើងតម្លៃថាមពលអគ្គិសនីនោះទេ ទោះបីតម្លៃប្រេងនិងធ្យូង ថ្មកើនឡើងក៏ដោយ។ ទៅវិញរាជរដ្ឋាភិបាលបន្តពិនិត្យលទ្ធភាពបញ្ចុះថ្លៃអគ្គិសនីបន្ទាប់ពីស្ថានភាពតម្លៃធ្យូងថ្មនិងប្រេងលើពិភពលោកធ្លាក់ចុះ។ បច្ចុប្បន្នរាជរដ្ឋាភិ បាលប្រឈមនឹងការខាតបង់ តាមរយៈការមិនដំឡើងថ្លៃការប្រើប្រាស់អគ្គិសនី។
លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា កំពុងពិនិត្យលទ្ធភាព ក្នុងការរក្សាលំនឹងថ្លៃអគ្គិសនីបច្ចុប្បន្ននេះឱ្យនៅថេរ បើទោះបីជាតម្លៃប្រេងឥន្ធនៈ និងធ្យូងថ្មកំពុងឡើងថ្លៃ ព្រម ទាំងពិនិត្យលទ្ធភាពបន្ថយថ្លៃអគ្គិសនីបន្ថែមទៀត នាពេលខាងមុខ បន្ទាប់ពីស្ថានភាពពិភពលោកធូរស្រាលឡើងវិញ។
លោក ទី នរិន្ទ បានបញ្ជាក់ថាក្នុងរយៈពេល៥ឆ្នាំកន្លង មកនេះ ក្រសួងរ៉ែនិងថាមពល បានបញ្ចុះថ្លៃអគ្គីសនីដល់ការទិញអគ្គីសនីគ្រប់កម្រិត និងដល់អ្នកប្រើប្រាស់អគ្គីសនីគ្រប់ប្រភេទ។ ក្នុងពេលប្រេងឥន្ធនៈផូស៊ីលឡើងថ្លៃ បានធ្វើរដ្ឋរងការខាតបង់ ពីការផ្គត់ផ្គង់អគ្គិសនី តែយ៉ាងណារដ្ឋនឹងរកដំណោះ ស្រាយ ដើម្បីធ្វើយ៉ាងរក្សាលំនឹងថ្លៃអគ្គិសនី មិនឱ្យឡើងថ្លៃជាងបច្ចុប្បន្ននេះឡើយ ហើយរំពឹងថា នៅឆ្នាំ២០២៣ តម្លៃអគ្គិសនីនៅកម្ពុជា ក៏នឹងស្ថិតក្នុងតម្លៃដដែល។
បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលរូបនេះ តាំងពីឆ្នាំ២០២១មក រហូតដល់ឆ្នាំ២០២២នេះ ធ្យូងថ្មបានឡើងថ្លៃ៥ដង ពោលគឺពីតម្លៃ៧០ដុល្លារ មក៤០០ដុល្លារក្នុងមួយតោន។ តែយ៉ាងណាមិញ កម្ពុជាមិនសូវរងផលប៉ះពាល់ ពីវិបត្តិធ្យូងថ្មឡើងថ្លៃនោះទេ ដោយសារឆ្នាំនេះ អាកាសធាតុអំណោយផលភ្លៀងធ្លាក់ច្រើនតាំងពីដើមឆ្នាំ ធ្វើឱ្យការប្រើប្រាស់អគ្គិសនី នៅកម្ពុជាប្រមាណជាង៨០% គឺបានមកពីថាមពល វារី អគ្គិសនី។ បើតាមលោក ទី នរិន្ទ ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានខិតខំបន្ថយ និងអនុគ្រោះថ្លៃអគ្គិសនីជាបន្តបន្ទាប់។
ការអនុគ្រោះថ្លៃអគ្គិសនីនោះរួមមាន÷
១៖ ថ្លៃទិញអគ្គិសនីពីទ្វារចរន្តតង់ស្យុងខ្ពស់ ត្រូវបានកាត់បន្ថយចំនួន ៥,៦៥% ពី០.១២៤០ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១១៧០ដុល្លារក្នុងមួយគីឡូវ៉ាត់
២៖ ថ្លៃទិញអគ្គិសនីពីទ្វារចរន្តតង់ស្យុងមធ្យម ត្រូវបានកាត់បន្ថយចំនួន ៤% ពី ០.១២៦០ ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១២១០ដុល្លារក្នុងមួយគីឡូវ៉ាត់
៣៖ ឧស្សាហកម្មនិងកសិកម្មដែលទិញពីខ្សែបណ្តាញតង់ស្យុងមធ្យម កាត់បន្ថយចំនួន១៧% ពី០.១៦៥០ដុល្លារក្នុងមួយគីឡូវ៉ាត់ មក០.១៣៧០ដុល្លារក្នុងមួយគីឡូវ៉ាត់
៤៖ ពាណិជ្ជកម្មនិងរដ្ឋបាល ដែលទិញពីខ្សែបណ្តាញតង់ស្យុងមធ្យម កាត់បន្ថយចំនួន ៤,២% ពី០.១៦៥០ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១៥៨០ដុល្លារក្នុងមួយគីឡូវ៉ាត់
៥៖ ឧស្សាហកម្មនិងកសិកម្មដែលទិញពីក្រោមត្រង់ស្វូចែកចាយ កាត់បន្ថយចំនួន ១៧% ពី ០.១៧១៩ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១៤២៤ដុល្លារក្នុងមួយគីឡូវ៉ាត់
៦៖ ពាណិជ្ជកម្មនិងរដ្ឋបាលដែលទិញពីក្រោមត្រង់ស្វូចែកចាយ កាត់បន្ថយចំនួន ៤,៤% ពី០.១៧១៩ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១៦៤៣ ដុល្លារក្នុងមួយគីឡូវ៉ាត់
៧៖ អ្នកប្រើប្រាស់ទូទៅដែលទិញ ពីខ្សែបណ្តាញចែកចាយតង់ស្យុងទាប កាត់បន្ថយចំនួន ៥,២% ពី ៧៧០ រៀល ក្នុងមួយគីឡូវ៉ាត់ មក ៧៣០រៀល ក្នុងមួយគីឡូវ៉ាត់បន្ថែមពីលើនោះរាជរដ្ឋាភិបាល ក៏បានអនុគ្រោះថ្លៃលក់អគ្គិសនី ឱ្យលំនៅដ្ឋានដែលប្រើប្រាស់ថាមពល មិនលើសពី១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ឱ្យបង់ថ្លៃ ៣៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង លំនៅដ្ឋានដែលប្រើប្រាស់ពី ១១ ដល់ ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ឱ្យបង់ថ្លៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង និងលំនៅដ្ឋានដែលប្រើប្រាស់ពី ៥១ ដល់ ២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ឱ្យបង់ថ្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
ចំពោះសាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅជនបទឱ្យបង់ថ្លៃត្រឹមតែ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ដើម្បីរួមចំណែកលើកស្ទួយ ក្នុងវិស័យការងារ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការពង្រីកខ្សែបណ្តាញអគ្គិសនីដោយតម្លៃទាបជូនកម្មករ និយោជិត សិស្ស និស្សិត នៅតាមផ្ទះជួល បន្ទប់ជួលដោយគិតមកដល់ត្រឹមចុង ឆ្នាំ២០២២ បានចំនួន ៣៤៩ ៨៥៨បន្ទប់ជួល។
ក្នុងអាណត្តិទី៦នេះ ការអភិវឌ្ឍប្រភពអគ្គិសនីកន្លងមក បានធ្វើឱ្យទំហំប្រភពអគ្គិសនីសរុប ដែលបានអភិវឌ្ឍរួចកើនឡើងពី ២ ៦៥០មេហ្កាវ៉ាត់ នៅឆ្នាំ២០១៨ រហូតដល់ ៤ ២៤៦.៧៧មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២២ ដែលស្មើនឹងកំណើន ៦០% ធៀបទៅនឹងទំហំដែលមាននៅឆ្នាំ២០១៨៕
ដោយ៖ សូរិយា