ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃពោតក្រហមឆ្នាំនេះល្អប្រសើរជាងឆ្នាំមុន តែថ្នាំនិងប្រេងឡើងថ្លៃដូច្នេះចំណេញប្រហាក់ប្រហែលឆ្នាំមុន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ តម្លៃទីផ្សារពោតក្រហមរបស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យមានតម្លៃប្រសើរជាងឆ្នាំមុន។ ប្រជាកសិករហាក់ដូចជាសប្បាយចិត្តខ្លះដែរប៉ុន្តែថ្លៃឈ្នួលនៃការប្រមូលផល,ថ្នាំនិងប្រេងមានការកើនឡើងឡើងគួរឲ្យកត់សម្គាល់។ រីឯឈ្មួញមានតែមកពីប្រទេសថៃមួយប៉ុណ្ណោះដោយមិនមានឈ្មួញនៅក្នុងស្រុកចាំជួយទិញនោះឡើយ។

ប្រជាពលរដ្ឋនិយាយថា ទីផ្សារពោត ក្រហមឆ្នាំនេះ ប្រជាកសិករនៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ គឺលក់បានតម្លៃល្អប្រសើរជាងឆ្នាំមុន តែកាត់កងថ្លៃដើមទៅសល់ប្រហាក់ប្រហែលឆ្នាំមុន ដែលឈ្មួញមកទិញដល់ផ្ទះ ដើម្បីនាំចេញទៅប្រទេសថៃ។

ប្រជាកសិករនៅស្រុកម៉ាឡៃបានប្រាប់នៅថ្ងៃទី១១ខែ សីហា ឆ្នាំ២០២២នេះថា៖ នៅឆ្នាំនេះ ពោត ក្រហមដែលប្រជាកសិករប្រមូលផលលក់ឱ្យឈ្មួញមកទិញដល់មុខដល់កន្លែងប្រមូលផល គឺតំលៃឆ្នាំនេះពិតបានថ្លៃប្រសើរជាងឆ្នាំមុនដោយ១ តោនតំលៃ៦០០០បាតឬ ស្មើជិត៧០០.០០០រៀល(ជិតប្រាំពីរសែនរៀល) បើប្រៀបធៀបកាលពីឆ្នាំមុន ឈ្មួញទិញ១តោនតំលៃជាង ៥ ០០០បាត។

ប្រជាកសិករនៅមូលដ្ឋានខាងលើបានបញ្ជាក់ថា៖ ពោតក្រហមមាន២ប្រភេទគ្រាប់ពូជពោតក្រហមMK និងពោត ក្រហមCPដែលដាំរយៈពេលជាង៣ខែទើបបានប្រមូលផលដូចគ្នាក្នុង១ហិកតាទទួលផលជាមធ្យម ៦០បាវស្មើនឹងជាង ៥តោន ហើយឆ្នាំ២០២២នេះ ថ្លៃភ្ជួររាស់,ថ្លៃជី និងជួលកម្មករបាញ់ថ្នាំ,ប្រេងសាំង,ម៉ាស៊ូត ឡើងថ្លៃ បើប្រៀបធៀបកាត់កងទៅនឹងឆ្នាំមុនគឺប្រជាកសិករអាចសល់បានប្រហាក់ប្រហែលគ្នាដែលឈ្មួញទិញទៅលក់បន្តឲ្យឈ្មួញថៃនាំចេញទៅប្រទេសថៃតាមច្រកទ្វារតំបន់ព្រំដែនការប៊ីនស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

គួរបញ្ជាក់ថា នៅថ្ងៃទី១០ខែសីហាឆ្នាំ២០២២ មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានជម្រាបជូនពីតំលៃទីផ្សារ ពោតក្រហមស្នូលក្នុង១គីឡូក្រាមតំលៃ ៦៥៥រៀល ប្រៀបធៀបនៅថ្ងៃទី៨និង៩ខែសីហា ឆ្នាំ ២០២២ក្នុង១គីឡូក្រាមតំលៃ៦០០ទៅ៦៥០រៀល៕

ដោយ៖ សូរិយា


ចែករំលែក៖