ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយ នៃការនាំចេញ​កង់ទៅ​កាន់​សហគមន៍អឺរ៉ុប

ចែករំលែក៖

ភ្នំពេញ៖ ការនាំចេញកង់ពីប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុបមានការកើនឡើងគួរឲ្យកត់សម្គាល់ពោលគឺក្នុងរយៈពេល៦ខែនេះមានការកើតឡើងរហូតដល់ ១៤៤%ឯណោះ។ នៅពេលខាងមុខផលិតផលកង់នៅតែបន្តនាំមុខក្នុងការនាំចេញទៅទីផ្សារអន្តរជាតិជាពិសេសសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើម។

ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញកង់ មានទំហំទឹកប្រាក់ចំនួនប្រមាណ ៥២០​លាន​ដុល្លារ​អា​មេរិក​កើនឡើងជាង ១៤៤% ក្នុងនោះ ចាប់ពីឆ្នាំ២០២០ កម្ពុជា គឺជាប្រទេសទីមួយ ដែល​នាំចេញ​កង់​ច្រើន​ជាងគេទៅ​កា​ន់​ទីផ្សារ​សហគមន៍អឺរ៉ុប។

លោក ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តី ពីសមិទ្ធផលសម្រេចបានរយៈពេល៥ ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២២ នេះថា ការនាំចេញកង់កម្ពុជា បានជាប់លំដាប់ថ្នាក់លេខ៥ លើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខមួយ នៃការនាំចេញ​ទៅ​កាន់​សហគមន៍អឺរ៉ុប ជាក់ស្តែងក្នុងរយៈពេល៦ ខែក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលនេះ មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​ប្រមា​ណ ៥២០ លានដុល្លារអាមេរិក កើនឡើងជាង ១៤៤%។

លោក ហេង សុខគង់ បន្ថែមថា ទោះបីស្ថិតក្នុងដំណាក់កាលនៃរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ កម្ពុជា​នៅ​តែ​ទទួល​បាន​ការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្ម ដែលធ្វើឱ្យម្ចាស់រោងចក្រ សហគ្រាស គ្មានការបារម្ភពីកង្វះវត្ថុធាតុដើម ឬការបិទទ្វាររោងចក្រនោះឡើយ នេះគឺដោយសារកម្ពុជាបានចាក់វ៉ាក់សាំង បង្កើតភាពស៊ាំក្នុងសហគមន៍ ដោយ​បាន​បង្កើន​ទំនុកចិត្តសម្រាប់អ្នកបញ្ជាទិញ និងអ្នកវិនិយោគ៕

ដោយ៖ សូរិយា


ចែករំលែក៖